(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់អ្នកលេង Facebook ទាំងអស់ កុំបំពុលបរិយាកាស ដែលជាការសាងគ្រោះថ្នាក់ដល់ជាតិ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយដំណឹងមិនពិត អំពីរឿងចាប់ក្មេង នៅក្នុងប្រទេសកម្ពុជា ហើយការបំផុស ញុះញង់ដ៏គ្រោះថ្នាក់បែបនេះវាពុំបានទទួលផលចំណេញនោះទេ។

ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីការផ្សព្វផ្សាយអំពីករណីចាប់ក្មេង ដែលមិនច្បាស់លាស់ ចាប់ផ្តើមកក្រើកឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃកន្លងទៅនេះ បង្កើតឲ្យមានបញ្ហាច្រើនណាស់ រឿងវាមិនចេះចប់ ប៉ុន្តែសួរទៅមើល តើវាបានផលអី? បំផុសអំពីបញ្ហាចាប់កូនក្មេងយកទៅវះគ្រលៀន វះយកនេះ វះយកនោះ តើវាពិតទេរឿងអញ្ចឹង។ អារឿងអ្នកបំពុលបរិយាការបង្ហោះចេញទៅ អញ្ចឹងអ្នកដែល ចែកចាយបន្តនោះ ត្រូវពិនិត្យមើលតើពិតឬអត់? គួរត្រូវចែករំលែកបន្តឬអត់? ជួនកាលសុខៗ ទៅជាយន្តហោះធ្លាក់នៅសៀមរាប ផ្អើលឆុលអញ្ចឹងទៅ។ ជួនកាន់ទៅជាចាប់កូនក្មេងចឹងទៅ រឿងពិតទេ? គឺវាមិនពិតទេ ហើយទីចុងបំផុតបានត្រឹមអ្វី?»

រយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយជាបន្តបន្ទាប់ នៅតាមបណ្តាញទំនាក់ទំនងសង្គម ដោយបំផុសថា មានករណីចាប់ក្មេងកាន់តែច្រើនកើតឡើង នៅក្នុង ប្រទេសកម្ពុជា ដូចជានៅខេត្តព្រះសីហនុ កំពងធំ ស្វាយរៀង ប៉ៃលិន និងរាជធានីភ្នំពេញជាដើម។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមតម្រុយនោះបង្ហាញថា ករណីចាប់ក្មេងវ៉ះយកគ្រលៀន ឬវះពោះនោះ មិនពិតនោះទេ គ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ក្រោយពីស្រាវជ្រាវកន្លងទៅ ករណីវះគ្រលៀនក្មេងនេះ មិនមានកើតឡើងនៅកម្ពុជាទេ។ សមត្ថកិច្ចបានដាក់ការសង្ស័យថា មានអង្គការចាត់តាំងមួយ កំពុងផ្សព្វផ្សាយបំភ្លៃព័ត៌មាននេះ បណ្តាលឲ្យមានភាពវឹកវរ នៅកម្ពុជា។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន សកម្មជនម្នាក់របស់គណបក្សសង្រ្គោះជាតិ នៅខេត្តកំពង់ធំ ឈ្មោះ ណៃ ស៊ីណេង ដែលបានបំផុសបង្ហោះប្រាប់សាធារណជនថា មានយួនមកចាប់ក្មេងវះក្រលៀន និងភ្នែកនៅស្រុកបារាយណ៍ នៅខេត្តកំពង់ធំ ហើយត្រូវសមត្ថកិច្ចចាប់បាន។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការបំផុសញុះញង់ដ៏គ្រោះថ្នាក់បែបនេះ គឺភាគច្រើនកើតឡើងដោយសារសមាជិកគណបក្សប្រឆាំង ព្រោះកន្លងទៅ ពួកគេក៏បានបង្ហោះនូវដំណឹងមិនពិតថា នាយករដ្ឋមន្រ្តីកម្ពុជាស្លាប់ ឬត្រូវសង្រ្គោះបន្ទាន់នៅពេទក្រៅប្រទេសជាដើម។ សម្តេចថ្លែងថា គណបក្សប្រឆាំងគួរតែចេះអប់រំសមាជិករបស់ខ្លួន ឲ្យប្រព្រឹត្តទង្វើត្រឹមត្រូវ មិនគួរបណ្តែតបណ្តោយឲ្យធ្វើខុសច្បាប់ធ្ងន់ធ្ងរដូច្នេះឡើយ។

សម្តេចតេជោ ថ្លែងបន្តទៀតយ៉ាងដូច្នេះថា៖ «សុខៗ នាយករដ្ឋមន្រ្តី កំពុងដឹកទៅសង្រ្គោះបន្ទាន់ នៅស្រុកបារាំង សុខៗ នាយករដ្ឋមន្រ្តី ពេទ្យសាំងហ្គាពួរ ទទួលលែងបានហើយ ត្រូវបញ្ជូនបន្តទៅទីក្រុងហុងកុង។ ខ្ញុំគ្រាន់តែជំរាប ការបំផុសធុននេះ គឺគ្រោះថ្នាក់ណាស់។ គ្រោះថ្នាក់យ៉ាងម៉េច សូមផ្តាំទៅគណបក្សប្រឆាំង ដែលមានអ្នកគាំទ្ររបស់ខ្លួន ធ្វើទង្វើបែបនេះ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនឯង»

សម្តេចបានបញ្ជាក់បន្ថែមថា «បើនាយករដ្ឋមន្រ្តីស្លាប់ នោះមានន័យថា រដ្ឋាភិបាលត្រូវរលាយតែម្តង ក្រសួងគ្មានរដ្ឋមន្រ្តីអ្វីទាំងអស់ បានសេចក្តីថា នគរមួយនេះ គឺអត់ក្បាលតែម្តង។ បើអត់ក្បាលតែមានអ្វីកើតឡើង គឺគ្រោះថ្នាក់ណាស់ កម្លាំងប្រដាប់អាវុធ គឺត្រៀមរួចជាសម្រេចហើយនោះ គេនឹងចាត់ការនូវអ្វីដែលគេចង់ចាត់ យកល្អត្រូវទុកឲ្យហ៊ុន សែន រស់ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ សូមជំរាបឲ្យច្បាស់»។

សម្តេចបន្តថា «ខ្ញុំអំពាវនាវទៅកាន់សមាជិកគណបក្សប្រឆាំង គឺមិនគ្រប់គ្រាន់ទេ ត្រូវអំពាវនាវឲ្យមេបក្សប្រឆាំងមើលសមាជិក សមាជិករបស់ខ្លួនឲ្យបានច្បាស់ បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ គឺអ្នកឯងនឹងគ្រោះថ្នាក់មុនគេទេ។ វាជាទីកន្លែងកប់ខ្មោចរបស់អស់លោក ខ្ញុំសូមនិយាយដោយត្រង់អស់លោកមិនទាន់ មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍ទេ ផលចំណេញដែលបានមកពីការស្លាប់របស់ ហ៊ុន សែន វាបានតិចជាងការទុកឲ្យហ៊ុន សែន នៅរស់»