(ភ្នំពេញ)៖ លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ ដែលកំពុងតែល្បីល្បាញ ក្នុងភាពយន្តខ្នាធំមួយ គឺរឿង «វិកលចរិត» ត្រូវបានក្រុមនិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាផ្នែកសិល្បៈវប្បធម៌ និងភាពយន្តខ្មែរ ដែលរៀបចំដោយ «Inspired Cambodia» ដើម្បីធ្វើការបង្ហាញ ពីជីវិតតស៊ូរបស់លោក ក្នុងនាមជាអ្នកប្រឡូក​​ក្នុងវិស័យភាពយន្ត រយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងន័យចែករំលែកបទពិសោធ ដល់ក្រុមនិស្សិត ដែលកំពុងសិក្សាស្រាវជ្រាវ ជំនាញមួយនេះ។

លោក ហ៊ុយ យ៉ាឡេង បានថ្លែងឲ្យដឹងថា តាមការពិត​ ខាងសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានអញ្ជើញរូបលោក ជាច្រើនដងមកហើយ ដើម្បីមកធ្វើបទបង្ហាញ ពីជីវិតតស៊ូរបស់ខ្លួន ការងារសិល្បៈ និងវិស័យភាពយន្ត នៅកម្ពុជា ប៉ុន្តែដោយសារលោកពុំមានឱកាស ជាប់រវល់នឹងការងារ ទើបចេះតែអូសបន្លាយ រហូតមកដល់ពេលនេះ។ លោកបានបន្ថែមទៀតថា នៅក្នុងពេលនេះ លោកមិនបានគិតខ្លួនឯងថា ជាមនុស្សជោគជ័យ ឬជាវាគ្មិនអ្វីទាំងអស់ ប៉ុន្តែឆ្លងកាត់​នូវបទពិសោធជីវិត និងការតស៊ូរហូតមកដល់សព្វថ្ងៃ​ លោកពេញចិត្តនឹងចែក​រំលែកជូនដល់ប្អូនៗ​និស្សិត ដើម្បីធ្វើជាទុន ក្នុងការសិក្សាស្រាវជ្រាវបន្ត។

ចាងហ្វាង​ផលិតកម្មរូបនេះ បានបន្តថា នៅក្នុងវិស័យសិល្បៈ មានមនុស្សច្រើននាក់ណាស់ ដែលទទួលបានជោគជ័យ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មហាជនទទួលស្គាល់ពីស្នាដៃ ប៉ុន្តែលោកមិនដឹងថា ហេតុអ្វីបានក្រុមនិស្សិតមិនចាប់អារម្មណ៍ តែបែរជាមកចាប់អារម្មណ៍រូបលោក ដើម្បីធ្វើការចែករំលែកបទពិសោធ ដល់ពួកគេទៅវិញ។ ទោះជាយ៉ាងណា អ្វីដែលលោកមាន អ្វីដែលលោកឆ្លងកាត់ ទាំងជោគជ័យ និងបរាជ័យ លោកនឹងលាតត្រដាងទាំងអស់ ជាពិសេស ការឈានជើងមកដល់ដំណាក់កាលមួយនេះ នៃជីវិតរបស់លោក។

លោកបន្តថា លោកពិតជាសប្បាយចិត្តខ្លាំង ខណៈដែលសិស្ស និស្សិត បានផ្ដល់កិត្តិយសដល់រូបលោក អញ្ជើញឲ្យធ្វើបទបង្ហាញ ពីការងារថតភាពយន្ត របៀបសម្ដែង ដែលសុទ្ធសឹងជា​អ្វីដែលលោកឆ្លងកាត់ ដល់និស្សិតទាំងអស់ ដែលកំពុងសិក្សាជំនាញមួយនេះ។ អ្វីដែលលោកចង់​ផ្ដល់ឲ្យប្អូនៗនិស្សិត នៅពេលនេះ គឺផ្ដោតសំខាន់​លើការតស៊ូ និងក្ដីស្រមៃក្នុងជីវិត ព្រោះមនុស្សគ្រប់ៗរូប បើពុំមានក្ដីស្រមៃ​ទេ ក៏គ្មានការតស៊ូក្នុងជីវិតដែរ។ ក្រុមនិស្សិតចង់ជួបរូបលោក ដែលជាអ្នកមានបទពិសោធនពិតៗ ពោលគឺមិនចង់ជួប អ្នកដែលមានតែទ្រឹស្ដី ហើយគ្មានការអនុវត្តនោះទេ។

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាល​ នៃការធ្វើបទបង្ហាញនេះ លោកបានផ្ដល់គំនិត យោបល់ល្អៗ ថ្មីៗ ដល់ក្រុមនិស្សិត ទាំងបំនិនជីវិត ការតស៊ូ ការសម្ដែង ការប្រកួតប្រជែង ជំរុញឲ្យមានភាពក្លាហាន ជំនះរាល់ឧបសគ្គ និងបទពិសោធជាច្រើនទៀត។ ក្នុងនោះសរុបទាំងពីរកន្លែង ដែលលោក ហ៊ុយ យ៉ាឡេង ធ្វើបទបង្ហាញ គឺមាននិស្សិតប្រមាណ​ជិត១០០នាក់ ដែលបានចូលមកស្ដាប់ ការធ្វើបទបង្ហាញ​របស់លោក៕