(ភ្នំពេញ)៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កៅ ខុនដារ៉ា បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់កន្លះឆ្នាំ២០១៧នេះ អាជ្ញាធរបានផ្សព្វផ្សាយអប់រំដើម្បីបង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន បានចំនួនជាង៣លាន៦សែន នាក់ កើនឡើង៣០ភាគរយ បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៦, ការបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន៤៣៣១ករណី កើនឡើងជាង២០០០ករណី បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៦ ចាប់បានជនសង្យ័យ៩៦៩៤ នាក់ កើនឡើងជាង៤ពាន់ករណី បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ រឹបអូសរថយន្តបានចំនួន៥៤គ្រឿង ម៉ូតូ៩៣៨គ្រឿង ប្រាក់ជិត៣ម៉ឺនដុល្លារ និងរឹបអូសគ្រឿងញៀន ជាង១១៩គីឡូក្រាម ព្រមទាំងផ្ដល់សេវាព្យាបាល ជូនអ្នកញៀនគ្រឿងញៀន បានចំនួនជាង៦ពាន់នាក់។

ជាមួយនឹងលទ្ធផលខាងលើនេះ លោក កៅ ខុនដារ៉ា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ យ៉ាងហ្មត់ចត់និងបាន ដាក់ចេញ នូវផែនការយុទ្ធសាស្រ្ត សំដៅទប់ស្កាត់បង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាព ខណៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ គ្រោងដាក់ឲ្យអនុវត្តន៍ក្រោយយុទ្ធនាការលើកទី១ ទទួលបានផ្លែផ្កា គួរឲ្យកត់សម្គាល់។

លោក កៅ ខុនដារ៉ា ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរឹបអូស និងចាត់ចែងទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ មាស វិរីទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ, លោកបណ្ឌិត ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធនៅទូទាំង២៥ រាជធានី-ខេត្ត-ក្រុង ប្រមាណ២០០នាក់ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាល់ណា ភ្នំពេញ។

លោក កៅ ខុនដារ៉ា បានបញ្ជាក់ថា «ចំនួនសម្រាប់ទឹកប្រាក់ដែលរឹបអូស ពីបទល្មើសគ្រឿងញៀន វាមិនទាន់ច្រើននៅឡើយទេហើយ ទ្រព្យសម្បត្តិទាំងនេះ មិន​មែនខាងអាជ្ញាធរទើបតែចាប់បាននៅថ្ងៃនេះនោះទេ គឺយើងចាប់បានតាំងពីចេញច្បាប់នៃការរឹបអូសទ្រព្យសម្បត្តិ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយ​អាជ្ញាធរបានប្រមូលទ្រព្យសម្បត្តិ ទាំងនោះសន្សំទុករហូតមកដល់ថ្ងៃនេះ»

សូមរំលឹកថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕