(ឈាហ្វូ, សានទុង, ចិន)៖ ក្រុមអ្នកព័ត៌មានកម្ពុជាមកពី៨ស្ថាប័នផ្សេងៗគ្នា ដឹកនាំដោយលោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើដំណើរទៅទស្សនកិច្ចនៅស្រុកកំណើតរបស់លោក «ខុងជឺ» ដែលជាទស្សនវិទូ ដ៏ល្បាញល្បីមួយរូបរបស់ចិន។

ស្រុកកំណើតរបស់លោក ខុងជឺ នាពេលបច្ចុប្បន្ននេះ គឺស្ថិតនៅទីក្រុងឈាហ៊្វូ ខេត្តសានទុង។ ការធ្វើដំណើរពីទីក្រុងជីណាន ទៅកាន់ស្រុកកំណើតរបស់ទស្សនវិទូ «ខុងជឺ» គឺត្រូវចំណាយពេលប្រមាណជា ៣ម៉ោង (ម៉ោងនៅក្នុងខេត្តសានទុងដើរមុនម៉ោងនៅកម្ពុជា ចំនួន ១ម៉ោង)។

នៅតាមដងផ្លូវចាកចេញពីទីក្រុងជីណាន ឆ្ពោះ ទៅកាន់ទីក្រុងឈាហ៊្វូ មិនសូវមានអគារខ្ពស់ និងផ្ទះប្រជាពលរដ្ឋនោះទេ តែបែរជាជំនួសជួរភ្នំតូចធំ និងខ្ពស់ទាបជាច្រើន ហើយ។ សម្រស់ធម្មជាតិអមដោយជួរភ្នំ បានធ្វើឲ្យក្រុមអ្នកព័ត៌មានកម្ពុជា ហាក់មានការចាប់ចិត្ត និងស្លុងអារម្មណ៍ដោយភ្នែកទាំងបាញ់ឆ្ពោះតាមកញ្ចក់រថយន្តទៅកាន់ទិដ្ឋភាពដែលពួកគេកម្របានឃើញទាំងអស់នោះ។

នៅក្នុងឱកាសដែលអ្នកព័ត៌មានកម្ពុជាទៅទស្សនកិច្ចនៅស្រុកកំណើតរបស់លោក «ខុងជឺ» Fresh News សូមលើកយកប្រវត្តិសង្ខេបរបស់លោក «ខុងជឺ» មកផ្សព្វផ្សាយជូនមិត្តអ្នកអានបានជ្រាបជាព័ត៌មានដូចខាងក្រោម៖

ខុងជឺ ជាមហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះរបស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជពង្សមកពីរាជវង្ស‍ ‍«ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិន នាសម័យរដ្ឋកាលចូវ។ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិសពាយ័ព្យទន្លេលឿង រាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម។ ឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ»។

ខុងជឺ កើតនៅឆ្នាំ៥៥១ មុន គ.ស ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តិវង្សលូ។ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺមានអព្ភូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង រន្ទះ រញ្ជួយភ្នំភ្លើង។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រ។

លុះបានអាយុ ២០ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី។ ដោយកាខិតខំស្រាវជ្រាវខុងជឺ បានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជាពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់បង្រៀន ឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា តាមលក្ខណៈនេះ គាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗផងដែរ។

កិត្តិនាម របស់ ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ីហើយពេលនោះ ទស្សនៈវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មានន័យថា «បណ្ឌិត»ចាប់ពីពេលនោះមក ។ នៅអាយុ ៤៩ ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង ។

ខុងជឺបានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួន និងចង់កែរប្រែរបៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំនាស់ ។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួនពីស្រុកមួយ ទៅស្រុកមួយ អស់រយៈពេល ១៣ ឆ្នាំ ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុងជន្មាយុ ៧០ឆ្នាំ ។ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់ អស់រយៈពេល១៣ឆ្នាំក្នុងស្រុកចិនទាំងមូលព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង។ខុងជឺមិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ ថែមទាំង ជាអ្នកដឹកនាំប្រជាជន ឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់ ឲ្យរីកចម្រើនឡើងវិញ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ។ គាត់រស់បាន ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាព ក្នុងឆ្នាំ ៤៧៩ មុន គ.ស ។

* ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា «លាវយី» មានន័យថា សិល្បៈទាំង ៦ ជាសិល្បៈសេរី មានគោលដៅស្វែងរកនូវសេរីភាព ក្នុងនយោបាយ និងសេដ្ឋកិច្ច ។

ទស្សនវិជ្ជាទាំង ៦ របស់ ខុងជឺគឺ៖

១៖ គម្ពីរឈ្មោះយី៖ និយាយ ពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក។

២៖ គម្ពីរឈ្មោះចេ៖ ជាកំណាព្យនិទាន សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ។

៣៖ គម្ពីរឈ្មោះលី៖ និយាយពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ។

៤៖ គម្ពីរឈ្មោះយ៉ូ៖ និយាយ ពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍។

៥៖ គម្ពីរឈ្មោះជូ៖ និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន។

៦៖ គម្ពីរឈ្មោះឈូស៊ាវ ឬគម្ពីរនិទាឃរដូវ៖ និយាយពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់សន្តតិវង្សលូ។

ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតម្លៃទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គមមានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា។ មនុស្សប្រភេទទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន។ ចំណែកមនុស្សប្រភេទទីពីរ ជាប្រភេទមនុស្សសាមញ្ញ ដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយសដើម្បីស្វែងរកគុណប្រយោជន៍។

ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម៖

មនុស្សធម៌៖ ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ។ខុងជឺមើលឃើញសង្រ្គាមជាប្រភពនៃអមនុស្សធម៌។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើង បោះទៅលើចុងលំពែងចាប់មនុស្សយកទៅស្រុះទឹកក្តៅដូចជាស្រុះមាន់ កៀបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម។ល។ អំពើទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌។

យុត្តិធម៌៖ ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌នៅក្នុងគ្រួសារ។

ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមកទើបវារាលដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស។ ហេតុនេះ ដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហ៊ានទីមួយ ត្រូវធ្វើឲ្យមានយុត្តិធម៌ នៅក្នុងគ្រួសារជាមុនសិន។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន» ។

សីលធម៌៖ ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះមុខច្បាប់ផងដែរ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្មឲ្យ សមនឹងកំហុស ដែលគេបានសាង។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ានធ្វើអត្តឃាតខ្លួនឯង។ ទស្សនៈ របស់លោកខុងជឺ សង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតីអៀនខ្មាស់ ត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត»។

ខុងជឺ បានបង្កើតសីលធម៌មួយទៀត ហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺមានបំណងឲ្យអ្នកសិក្សាស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន។

សីលធម៌នោះគឺ៖

* ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ។

* ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ។

* អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ។

* អំពើណា ដែលអ្នកស្រលាញ់ ចង់បានឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន។

* អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។

* បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេចឲ្យផុតពីទុក្ខទោសនោះ ឲ្យបានមុនទុក្ខទោសនោះមកដល់។

* បើធ្វើប្រយោជន៍ហើយ សូមកុំរំលឹកគុណទាំងនោះនៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ ទោះជាគុណប៉ុនភ្នំក៏ត្រូវរលាយដែរ។ ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង។

* អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្សដែលនៅក្រោមបង្គាប់អ្នកឲ្យសោះ។

គុណធម៌របស់ខុងជឺ៖

គុណធម៌ របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និង ភាពត្រឹមត្រូវ។ លោកថា «មនុស្សម្នាក់ៗ នៅក្នុងសង្គមសុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេ ត្រូវប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ»។ នេះទើបហៅថា «គុណធម៌» ។ តែបើគេធ្វើកិច្ចការទាំងឡាយ ដោយគ្រាន់តែពិចារណា ប៉ុន្តែខ្វះសីលធម៌នោះ សកម្មភាពរបស់ពួកគេ នឹងក្លាយទៅជាសកម្មភាពមិនត្រឹមត្រូវ និងខ្វះគុណធម៌។ មួយវិញទៀត ខុងជឺ ចាត់ទុកថា «ការគ្រប់គ្រងដោយគុណធម៌ មានលក្ខណៈល្អប្រសើរជាងគ្រប់គ្រងដោយច្បាប់»។

ខុងជឺ គាត់រំពឹងថា ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួចថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង។ ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន។ មនុស្ស ដែលមានទឹកចិត្តល្អ លុះត្រាតែមានឆន្ទៈស្មោះត្រង់ និងមានការអប់រំល្អ ។ នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយជីវភាពគ្រួសាររបស់គេក៏ត្រូវបានគ្រប់គ្រងល្អដែរ។

បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវភាពសង្គម ឬ ប្រទេសជាតិ មានសណ្តាប់ធ្នាប់។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាព។ ខុងជឺយល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ មានការប្រតិបត្តិត្រឹមត្រូវនូវអ្វីដែលគាត់ហៅថា «ការកែតម្រូវ ឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិន។ នេះមានន័យថា «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និង តួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់»។

ខ្លឹមសារសំខាន់នោះ ស្ថិតនៅត្រង់ថា អ្នកគ្រប់គ្រង គឺអ្នកគ្រប់គ្រង, រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី, ឪពុកគឺឪពុក កូនគឺកូន។ល។ គ្រប់ឈ្មោះទាំងអស់ គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច តួនាទី និងមុខងារខុសៗគ្នា។

បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ។ ឧទាហរណ៍ថា៖ បើអ្នកដឹកនាំ គ្រប់គ្រងគេមិនខ្វល់ខ្វាយចំពោះវិជ្ជា ឬ វិធីដឹកនាំគ្រប់គ្រងនោះទេ ទោះបីជាអ្នកនោះមានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ ក៏គេនោះមិនអាចជាអ្នកដឹកនាំ ដ៏ល្អបានដែរ។ ដូចនេះឃើញថា ទស្សននយោបាយ របស់ខុងជឺ ពិតជាបានរួមវិភាគទានយ៉ាងធំសម្បើមក្នុងការរុញច្រានទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជា ដែលមានសីលធម៌ឲ្យមានភាពរីកដុះដាលឡើង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំ និងដោះស្រាយបញ្ហាក្នុងសង្គមមនុស្សទេ។ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ៕