(ភ្នំពេញ)៖ រថយន្តសម្អាតធុនធ្ងន់ទាំងពីរគ្រឿងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គ្រោងសម្អាតផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញសរុប២៣ខ្សែ ដែលមានប្រវែងសរុប១២១គីឡូម៉ែត្រ ក្នុងរយៈពេលពីរខែ។

សកម្មភាពលាងសម្អាតផ្លូវ ចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា ក្រុមហ៊ុនបានពិភាក្សាអំពីតម្រាយផ្លូវនានា ដែលត្រូវលាងសម្អាតក្នុងរាជធានីភ្នំពេញរួចរាល់ហើយ ហើយយើងអាចនឹងបន្តលាងសម្អាតផ្លូវផ្សេងៗ ទៀត ប្រសិនបើគម្រោងសម្អាតផ្លូវរបស់យើងបញ្ចប់មុនការកំណត់។

គិតមកត្រឹមថ្ងៃនេះ រថយន្តសម្អាតផ្លូវទាំងពីរគ្រឿងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលាងសម្អាតផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ រួចរាល់ហើយ ដូចជាផ្លូវជាតិលេខ១ មហាវិថីសហព័ន្ធរុស្សី មហាវិថីព្រះនរោត្តម មហាវិថីព្រះសុធារស មហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរ១០០% ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ស្រាបៀរឃ្យូដូ ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើJoop ភេសជ្ជៈIze និងភេសជ្ជៈប៉ូវកម្លាំងWurkz៕