(មណ្ឌលគិរី)៖ មន្ដ្រីក្របខ័ណ្ឌថ្មីចំនួន៣៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចោទប្រកាន់មន្ដ្រីផ្នែកគណនេយ្យថា បានកាត់លុយប្រាក់ខែលើកដំបូង (អាប៉ែល) របស់ខ្លួនលើសពីអ្វីដែលក្រសួងមហាផ្ទៃបាន​កំណត់ ពោលគឺកំណត់កាត់ត្រឹមតែ៣៦,៥​០០រៀល ប៉ុន្ដែបែរជាមន្រ្តីផ្នែកគណនេយ្យកាត់រហូតដល់១៨០,០០០រៀល​ទៅវិញ។

ជាគោលការណ៍ប្រាក់ខែដំបូងនេះ មានរយៈពេល១០ខែ ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ សម្រាប់មន្ដ្រីឋានន្ដរស័ក្ដិ ថ្នាក់​អនុសេនីយ៍ត្រី ត្រូវបើកបាន១០,៩៩៣,០០០រៀល ប៉ុន្ដែត្រូវកាត់លើការបង់ចូលសមាគមមិត្តនគរបាលជាតិ ក្នុងមួយខែ៣,៥០០រៀល ហើយរយៈពេល៩ខែ ស្មើនឹង៣១,៥០០ និងបង់សិទ្ធិសុំចូលសមាជិក៥,០០០រៀល ដូច្នេះជារួមត្រូវកាត់ត្រឹមតែ៣៦,៥០០រៀលទេ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ដ្រីក្របខ័ណ្ឌថ្មី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅស្នងការរបស់ខ្លួន​ នៅពេលដែលទៅបើកប្រាក់ខែលើដំបូងនេះ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ បែរជាផ្នែកគណនេយ្យកាត់បន្ថែម ពីអ្វីដែលបានកំណត់ រហូតដល់១៤០,០០០រៀល ពោលគឺប្រាក់ដែលត្រូវកាត់ទាំងអស់ចំនួន១៨០,០០០រៀល។

មន្ដ្រីដដែលបញ្ជាក់ថា​ នៅពេលផ្នែកគណនេយ្យកាត់ប្រាក់លើសបែបនេះ ខ្លួនបាននាំគ្នាទៅសួរគេថាលុយ១៤​០,០០០រៀល ដែលកាត់បន្ថែមនោះ ទៅលើផ្នែកអ្វីដែរ ដោយផ្នែកគណនេយ្យបានអះអាងថា កាត់លើការរត់ឯកសារ, ថ្លៃធ្វើកាត និងសៀវភៅនគរបាល។ បើតាមមន្ដ្រីរូបនេះ នៅតាមបណ្ដាស្នងការដ្ឋានខេត្តផ្សេងៗ មិនមានការកាត់លុយច្រើនដូចស្នងការរបស់ខ្លួនឡើយ ជាពិសេសគឺមិនមានកាត់លុយរត់ឯកសារ ថ្លៃធ្វើការកាត និងសៀវភៅនគរបាលនោះឡើយ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានប្រាប់ព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកមិនទាន់បានទទួលករណីនេះនៅឡើយទេ ប៉ុន្ដែលោកថា នឹងធ្វើការសួរនាំទៅមន្រ្តីរបស់ខ្លួនលោក ហើយផ្ដល់ចម្លើយជូននៅពេលក្រោយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ម៉្យាងលោកទើបតែទទួលបានការផ្ទេរភារកិច្ចទៅកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរី ហើយប៉ុន្មានថ្ងៃនេះ កំពុងចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៅរាជធានីភ្នំពេញទៀតផង៕