(ភ្នំពេញ)៖​ បន្ទាប់ពីទទួលបានបទបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលទើបឡើងកាន់តំណែងនាពេលថ្មីៗនេះ បានប្រាប់ឲ្យម្ចាស់ទីតាំងណេត២៤ម៉ោង ដែលបង្កប់ល្បែងស៊ីសងតាមអនឡាញ ទីតាំងបាញ់ត្រីខុសច្បាប់ ព្រមទាំងកន្លែងទទួលបញ្ចាំខុសច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ មុនអាជ្ញាធរចាត់វិធានការច្បាប់។

ថ្លែងក្នុងកិច្ចប្រជុំរវាង​រដ្ឋបាលខណ្ឌច្បារអំពៅ និងម្ចាស់ទីតាំងសេវាកំសាន្ដអនឡាញ​ណេត២៤ម៉ោង និងម្ចាស់ទីតាំងហ្គេមបាញ់ត្រី នារសៀលនេះ លោក ចែង មុនីរ៉ា​ ថ្លែងយ៉ាងដូច្នេះថា «ដើម្បីមានភាពសុខដុម របស់ប្រជាពលរដ្ឋក្នុងមូលមូលដ្ឋាន ខ្ញុំស្នើឲ្យម្ចាស់ទីតាំងហ្គេមបាញ់ត្រី ណេត២៤ម៉ោង បង្កប់ការភ្នាល់តាមអនឡាញ់ បញ្ឈប់ជាបន្ទាន់ បើមិនបញ្ឈប់ទេ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចាត់វិធានការតាមផ្លូវច្បាប់»។

មួយវិញទៀត ​អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ​សូមឲ្យម្ចាស់ទីតាំងចូលរួមសហការទាំងអស់គ្នា សូមឲ្យម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់ នូវ​ល្បែង​ស៊ីសង ​និង​ហ្គេម​ខុសច្បាប់​​គ្រប់​ប្រភេទ ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ​ ចៀសវាងអាជ្ញាធរចាត់វិធានការច្បាប់។​

ជាមួយគ្នានេះ ​លោក ចេង មុនីរ៉ា ក៏បានស្នើដល់ម្ចាស់ អាជីវកម្ម សេវាកំសាន្ត អ៊ីនធឺណេត​ទាំងអស់ ដែលកំពុង​ប្រកបអាជីវកម្ម នៅក្នុងខណ្ឌច្បារអំពៅ ជួយមានវិធានការ​ទប់ស្កាត់ ចំពោះក្មេងៗ​ជាសិស្សសាលា​ចូលលេងហ្គេម អ៊ីនធឺណេត នៅក្នុងម៉ោងសិក្សា​ដែលពួកគេខ្លះ​មាន​ ឯកសណ្ឋាន សិស្ស គឺត្រូវហាមមិន អនុញ្ញាតឲ្យ​ចូលជាដាច់ខាត​អំឡុងម៉ោងសិក្សា។

មជ្ឈដ្ឋាន​មួយ​ចំនួន​បានសម្តែង​ក្តី​រីករាយ​​ប្រសិន​បើ ​លោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ថ្មី​ អាច​លុប​បំបាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​មួយ​នេះ​​បានសម្រេច។

សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីសប្តាហ៍មុន បានបើកកិច្ចប្រជុំមួយជាមួយមន្ដ្រីមកពីក្រសួងប្រៃយ៍សណី អភិបាលខណ្ឌទាំង១២ នគរបាល អាវុធហត្ថ និងមន្ដ្រីពាក់ព័ន្ធ ដើម្បីដាក់ផែនការចុះត្រួតពិនិត្យឡើងវិញ នៅតាមទីតាំងបើកណេត ឬ Internet ២៤ម៉ោង ក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បើសិនរកឃើញថា ទីតាំងខ្លះលួចបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ក្រោយពិភាក្សាដេញដោលគ្នារួចមក លោកអភិបាលបានប្រាប់ទៅអភិបាលខណ្ឌទាំង១២ ចុះទៅពិនិត្យមើលទីតាំងទាំងនេះ មើលអាជ្ញាប័ណ្ណដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធ ហើយបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេ ត្រូវបិទតែម្ដង។

ដោយឡែកសម្រាប់ទីតាំងដែលមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្ដែរកឃើញបទល្មើសដោយមានភ័ស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់ ត្រូវសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងទាំងនោះ និងរាយការណ៍ទៅមន្ទីរ ឬក្រសួងដែលពាក់ព័ន្ធត្រូវលុបអាជ្ញាប័ណ្ណចេញតែម្ដង។

ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ឃួង ស្រេង បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចទាំង ១២ខណ្ឌ ត្រូវពិនិត្យមើលឡើងវិញនូវ ទីតាំងកុងស៊ីបញ្ចាំទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលកុងស៊ីបញ្ចាំទាំងនេះជាហេតុផលនាំឲ្យ កើតមានបទល្មើសដូចជា ចោរប្លន់ ចោរលួច និងចោរឆក់ជាដើម។

នៅក្នុងឱកាសប្រកាសតែងតាំងអភិបាលខណ្ឌច្បារអំពៅថ្មី លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា «បញ្ហាកុងស៊ីបញ្ចាំ នៅតែជាបញ្ហាមួយ ដែលត្រូវគិតគូរឡើងវិញ ដែលជាហេតុផលមួយ បង្កើតឲ្យមានចោរកម្ម ដែលទាមទារឲ្យរៀបចំឡើងវិញ ពីព្រោះថា នៅពេលដែលគេយកម៉ូតូទៅបញ្ចាំមិនមានឯកសារ ក៏កុងស៊ីបញ្ចាំទទួលយក ដែលនេះជារឿងទោសទណ្ឌតាមច្បាប់។ អាជ្ញាធរត្រូវ ធ្វើកិច្ចការងារទាំងអស់ដើម្បីបម្រើប្រជាពលរដ្ឋ ទាំងបម្រើ ទាំងបង្រ្កាប ទាំងណែនាំឲ្យអនុវត្តច្បាប់ ហើយចង់ធ្វើអាជ្ញាធរ កុំត្អូញត្អែរ រអួរថាហត់ ហើយហត់សម្រាកទៅ ហើយអាចដាក់ពាក្យឈប់បាន»