(តាកែវ)៖ លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចេតិយដែលសាងសង់ជូន សពលោកបណ្ឌិត កែម ឡី គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ផ្ដើមលេចចេញជារូបរាងជាបណ្ដើរៗហើយ ក្រោយទទួលបានការឧបត្ថម្ភថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៥ម៉ឺនដុល្លារ នាពេលកន្លងទៅថ្មីៗនេះ។

ក្រោយទទួលបានប្រាក់ឧបត្ថម្ភដ៏ច្រើននេះភ្លាម ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី ដែលកំពុងជួបនូវការខ្វះខាតនោះ បានយកថវិកាទាំងអស់នេះ ទៅចាត់ចែងដើម្បីសាង់សងចេតិយតែម្ដង។ លោក កែម រិទ្ធិសិត បានបញ្ជាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា «នៅពេលនេះសម្រាប់ការសាងសង់ គ្រោងឆ្អឹងរបស់ចេតិយទាំងមូល រួចរាល់ប្រមាណ៣០%-៤០% ហើយ ចំណែកថវិកានៃការសាងសង់ចេតិយ លោកបានប្រគល់ជូនដល់ក្រុមការងារ សាងសង់អស់ចំនួន ៣៤៤០០ដុល្លារអាមេរិករួចហើយ។ ហើយក្រុមការងារសាងសង់នឹងបន្តធ្វើការងារទៀត»។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់​ចេតិយជូនសពលោកបណ្ឌិត កែម ឡី ក្រោយពីលោក កែម រិទ្ធិសិត បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី។

ថវិកាទាំង៥ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។​

សូមជំរាបថា នៅពេលដែលទទួលថវិកាដ៏ច្រើនបែបនេះ លោកយាយ ភោគ សេ ម្ដាយចាស់ជរារបស់លោកបណ្ឌិត កែម ឡី​ ពិតជារំភើប ឥតឧបមាររកអ្វីថ្លែង មិនចេញ រលីងរលោងទឹកភ្នែក លើកដៃសំពះថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ពីសម្ដេចតេជោ ហ៊ុន សែន បើទោះបីពេលខ្លះសម្តេច ទទួលរងនូវ ការលាបពណ៌ពីសំណាក់គណបក្សប្រឆាំង ពាក់ព័ន្ធទៅនឹងសំណុំរឿងលោក កែម ឡី ក៏ដោយនោះ តែសម្តេចនៅតែផ្តល់ទឹកចិត្តអាណិតអាសូរ រហូតជួយឧបត្ថម្ភ ថវិកាយ៉ាងច្រើនបែបនេះ។ លោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនប្រុសបង្កើត របស់បណ្ឌិត កែម ឡី បានចាត់ទុកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ធំធេងបំផុត សម្រាប់ក្រុមគ្រួសារ របស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាននោះ ឡើយពេញមួយ ជីវិតនេះ។

សូមជំរាបថា ថវិកា៥ម៉ឺនដុល្លារនេះ គឺជាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរ ហើយសម្រាប់ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី៕