(តាកែវ)៖​ ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង។

ក្រៅព័ត៌មានគ្មានមូលដ្ឋាន ដែលបានបង្កឲ្យចលាចលនៅខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ​មកនោះ នៅពេលនេះ បានកើតឡើងនៅខេត្តតាកែវវិញម្ដង ស្ថិតនៅស្រុកព្រៃកប្បាស និងស្រុកសំរោង តាមរយៈការបង្ហោះព័ត៌មានលើបណ្ដាញសង្គម Facebook ក្នុងនោះមានគណនីឈ្មោះ «ពៅ វិរៈបុត្រ» បានទៅបំបោងព័ត៌មាន បែបនេះធ្វើឲ្យកាន់តែចលាចល និងផ្អើលពេញទឹកពេញដីទៀតផង។ ម្ចាស់គណនី Facebook នេះក៏បានបង្ហោះបំពុល និងគ្មានការពិតនេះនៅ ខេត្តព្រះសីហនុផងដែរ។

ឆ្លើយតបនឹងព័ត៌មានគ្មានមូលដ្ឋានខាងលើនេះ ស្នងការនគរបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានចេញមកបដិសេធរហូតចុះទៅដល់ផ្ទះក្មេងស្រី ដើម្បីសួរនាំដោយផ្ទាល់ ជាលទ្ធផលពុំមានករណីបែបនេះ កើតឡើងនោះឡើយ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការចែករំលែក និងផ្សព្វផ្សាយព័ត៌មានទាំងនេះតទៅទៀត។

ជាមួយគ្នានេះស្នងការនគរបាលខេត្តតាកែវ ក៏បានបង្ហោះការបកស្រាយនៅលើទំព័រ Facebook របស់ខ្លួនព្រមទាំងប្រកាសឲ្យប្រជាពលរដ្ឋ ប្រញ៉ាប់រាយការណ៍មក សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 097 7780 005 បើសិនជាមានករណីនេះកើតឡើង​តាមមូលដ្ឋាន។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហោះខ្លឹមសារបកស្រាយទាំងស្រុងនៅ Facebook របស់ខ្លួនយ៉ាងដូច្នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានផ្អើលថា​ ចាប់ក្មេង​ៗ​ជួញដូរ វះយកគ្រឿងក្នុង និងរហូតមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ មានគណនី Facebook ឈ្មោះ «La chhaya»​ និងឈ្មោះ «ពៅ វីរៈបុត្រ» បានចុះផ្សាយនៅព័ត៌មានថា មានជនជាតិវៀតណាម​ចំនួន០២នាក់ ជិះម៉ូតូដេញចាប់ក្មេងក្មេងសិស្ស សាលានៅក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្ត​តាកែវ ដែលធ្វើឲ្យមានការចែករំលែកព័ត៌មានពីម្នាក់ទៅម្នាក់ យ៉ាងច្រើន​។

ចំពោះករណីនេះ ក្រោយ​ទទួល​បានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បាន​បញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងមូលដ្ឋាន ចុះទៅស្រាវជ្រាវ តាមស្វែងរកអត្តសញ្ញាណជន ដែល​បានបង្ហោះវីដេអូ និងក្មេងស្រីដែលត្រូវបានអះអាងថា ជាជនរងគ្រោះជាបន្ទាន់ដើម្បីធ្វើការបំភ្លឺ ទើបនៅព្រឹក​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះដល់គេហដ្ឋានក្មេងស្រីខាងលើ បានបញ្ជាក់ឱ្យដឹងថា ​ករណី​នេះជាការយល់ច្រឡំតែប៉ុណ្ណោះ។

គួររំលឹកដែរថា កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ អធិការដ្ឋាន​នគរបាល​ស្រុកព្រៃកប្បាស ក៏បានទទួលពាក្យបណ្ដឹងករណីបាត់ក្មេងដែរ ប៉ុន្តែបន្ទាប់ពីទទួល​បាន​ពាក្យ​បណ្តឹង​របស់​ឪពុក​ក្មេងរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស បានចាត់វិធាន​ការចុះស្រាវជ្រាវ និងស្វែងរកក្មេង ជាលទ្ធផលនៅវេលាម៉ោង១៧៖៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង​នគរបាលយើង បានរកឃើញក្មេងស្រីនោះ នៅក្នុងវត្តព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុក​ព្រៃកប្បាស។ មូលហេតុ៖ ក្មេងស្រីនោះដើរសុំទានគេ បានលុយចំនួន​១០.០០០៛(មួយម៉ឺនរៀល) រួចក៏ទៅអង្គុយផឹកតែក្រូចឆ្មារ មើលរឿងនៅតូបលក់កាហ្វេ ​ក្បែរ​ផ្សារព្រៃល្វា ហើយមិនបានមកជួបជា​មួយ ​ឪពុក​ដូចទម្លាប់សព្វមួយដង ដោយពុំមែនជាករណី​ចាប់​ក្មេងវះយកគ្រឿក្នុង ឬជាការជួញដូរក្មេងនោះ​ឡើយ​។

លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានអំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​ទូទៅ កុំមានការភ័ន្ដច្រឡំ ពីករណី​ចាប់​ក្មេងវះយកគ្រឿងក្នុងបែបនេះតទៅទៀត ព្រោះវាជាព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរ ​ដល់​សន្ដិសុខសង្គមតែម្ដង។

ជាមួយគ្នានេះ មន្រ្តីនគរបាលខេត្តតាកែវ ដែលប្រចាំបញ្ជា និងកាន់លេខទូរស័ព្ទខាងលើ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចំពោះអ្នកបង្ហោះព័ត៌មានខាងលើនេះ គឺថ្នាក់ដឹកនាំកំពុងតែមានវិធានការចាត់ការតាមច្បាប់ហើយ ប៉ុន្តែជននេះ (ម្ចាស់គនណីឈ្មោះ La chhaya) បានរត់គេចខ្លួន៕