(ព្រះសីហនុ)៖ រថយន្ត HYUNDAI មួយគ្រឿង បានបើកថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ឡើងទៅគងពីលើផ្លូវដែក ស្របពេលនោះក៏មានរថភ្លើងមួយខ្សែ បើកមកដល់ចាប់ហ្វាំង មិនទាន់ក៏បុកប៉ើងចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្រ បណ្ដាលឲ្យខូចខាតអស់មួយចំហៀងរថយន្ត។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៖០០រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅលើចំនុចផ្លូវដែកមុខក្រុមហ៊ុន DCMC ក្នុងក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបើកបំពានលើផ្លូវដែកនេះ ម៉ាក់ HYUNDAI ពណ៌លឿង លាយពណ៌ស ផ្លាកលេខកំពត 3A-0026 បើកបរឈ្មោះ ញ៉ ឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិឫស្សីស្រុក ឃុំបឹងសាឡាងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងមកនេះ ក៏មានករណីរថភ្លើងដឹកទូរកុងតឺន័រ បើកបុកគ្នាជាមួយរថភ្លើងដឹកប្រេង នៅលើផ្លូវដែកស្ថិតនៅតំបន់ រោងចក្រប្រេងកាត
ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផងដែរ៕