(សៀមរាប)៖ ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពី មន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃប្រទេសសិង្ហបុរី បានប្រទះឃើញបដិមាដ៏ធំមួយ ដែលសន្និដ្ឋានជាបឋមថាជាទ្វារបាល។ ការប្រទះឃើញនេះស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួត ខាងជើងក្រុងអង្គរធំ ប្រហែល១គីឡូម៉ែត្រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

តាមការវាស់វែង បដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះកំបុតដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួន និងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។ បដិមានេះកប់ជ្រៅក្នុងដី ប្រមាណត្រឹម៤តឹកប៉ុណ្ណោះ ក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិច ទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។

លោក ខៀន ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនង រវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ ការប្រទះឃើញចម្លាក់ដ៏ធំនេះក៏ចាត់ថាជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែមទៀត។

លោកបន្ថែមថា បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុអង្គរ ដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះទៀត បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា។

តាមការសន្និដ្ឋាន លោក ខៀវ ច័ន្ទ បដិមានេះស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាលនៃមន្ទីរពេទ្យនេះផ្ទាល់តែម្តង មិនមែនមកពីកន្លែងផ្សេងនោះទេ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះ មាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ តែចំពោះការរៀបចំរដ្ឋបាល នៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះហើយ អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីៗទៀត ដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗ នៃអាគារមន្ទីរពេទ្យដែលសង់ពីឈើ ហើយបានខូចខាតបាត់ស្លាកស្នាមអស់ និងបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទីតាំង ចោលសំណាកថ្នាំដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះ ទៅសិក្សាអំពីការផ្សំថ្នាំសម័យបុរាណ។ ប៉ុន្តែនេះជាដំណើរវែងឆ្ងាយតទៅមុខទៀត សម្រាប់អ្នកស្រាវជ្រាវ៕