(ត្បូងឃ្មុំ)៖ ដោយសារស្ថានភាពជំនន់ បណ្ដាលឲ្យប្រជាពលរដ្ឋ៣១២គ្រួសារនៅឃុំជីរោទ៍១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រងគ្រោះធ្ងន់ធ្ងរ ហើយត្រូវបានជម្លៀសទៅរស់នៅ ​ទីទួលមានសុវត្ថិភាព ជាបណ្ដោះអាសន្នជាមុនសិន, នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ នាំអំណោយយកទៅប្រគល់ជូនផងដែរ។

ពិធីចែកអំណោយជូនពលរដ្ឋរងគ្រោះទាំងនេះ បានធ្វើឡើងក្រោមការដឹកនាំពីលោក ​ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត រួមដំណើរដោយក្រុមការងារយុវជនគណបក្សស្រុក ជាច្រើនរូបទៀត។

បន្ទាប់មកលោកប្រធាន និងក្រុមការងារ បានរៀបចំធុងទឹក និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ និង​ចែកស្បៀងបន្ទាន់ ដែលជាអំណោយសប្បុរសធម៍របស់ លោកឧកញ៉ា សូ សេត និងលោកស្រី រួមមាន មី ទឹកស៊ីអ៊ីវ និងទឹកត្រី ដល់ពលរដ្ឋចំនួន៣១២គ្រួសារ មកពីឃុំជីរោទ៍១ និងឃុំទន្លេបិទ ដែលកំពុងបោះទីតាំងលើទីទួលសុវត្ថិភាព ដើម្បីរួមចំណែកដោះស្រាយជីវភាពអំឡុងពេលទឹកជំនន់នេះ។

ឆ្លៀតឱកាសនេះ លោក ហាក់ សុខមករា ក៏បាន​នាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋ និងបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៦ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នាឆ្នាំ២០១៨៕