(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ បានរិះគន់ចៅសង្កាត់ទួលសង្កែ២ មកពីគណបក្សប្រឆាំង ដែលទើបជាប់ឆ្នោតថ្មី ចំពោះការដាក់ហិបរៃអង្គាសលុយពីប្រជាពលរដ្ឋ។ លោកថ្លែងថា ទង្វើបែបនេះគឺ ផ្ទុយពីគោលការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក សំ ជឿន ចៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ មកពីគណបក្សសង្រ្គោះជាតិ បានប្រព្រឹត្តនូវភាពមិនប្រក្រតី ដោយរំលោភលើច្បាប់ នៃលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រង រដ្ឋបាលឃុំ-សង្កាត់ តាមរយៈការរៀបចំដាក់ហិបមូលនិធិប្រមូលលុយពីប្រជាពលរដ្ឋ ដើម្បីយកថវិកានោះ ទៅចំណាយចម្រាប់ការងារផ្សេងៗ នៅក្នុងសង្កាត់។

លោក សុខ ឥសាន បានថ្លែងថា «បញ្ហានេះ គឺជាទម្រង់ពុកលួយយ៉ាងច្បាស់ក្រឡែត ដែលចៅសង្កាត់ថ្មី មកពីគណបក្សប្រឆាំងបានអនុវត្តរំលោភច្បាប់ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ»

លោកបានបន្ថែមថា «កន្លងទៅខាងបក្សប្រឆាំងនេះហើយ ជាអ្នកបរិហារមកលើគណបក្សប្រជាជនកម្ពុជាយ៉ាងចាស់ដៃ ថាពុករលួយ ឥឡូវដល់ខ្លួនឯង មិនទាន់ក្តៅកៅអីផង មកប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនយ៉ាងនេះទៅហើយ តើមិនគឺជាការចង់បានអំណាច អាលនឹងប្រព្រឹត្តពុករលួយ ជាងគេទៅទៀតទេឬអី? នេះបញ្ជាក់ច្បាស់ថាបក្សប្រឆាំងធ្វើនយោបាយប្រឆាំង គឺក្នុងអារម្មណ៍ច្រណែនឈ្នានិសតែប៉ុណ្ណោះ សំលៀងមាត់ទុកចាំតែ បានកាន់អំណាចអាលនឹងប្រព្រឹត្តអំពើពុករលួយឲ្យលើសមុនទៅទៀត។ នេះហើយដែលហៅថា គិង្គក់លក់ថ្នាំស្រែងនោះ ដល់កើតស្រែង លើសគេលើសឯងទៅទៀត»

ទោះជាយ៉ាងនេះក្តី លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ចេញនូវប្រតិកម្មធ្ងន់ៗ និងព្រមានខ្លាំងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះភាពមិនប្រក្រតីរបស់ លោក សំ ជឿន ចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិរូបនេះ៕

លោក សុខ ឥសាន