(ព្រះវិហារ)៖ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ ​មានករណីវាយដំមកលើមន្ត្រីបរិស្ថានម្នាក់ នៅនៅភូមិ​​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជយ័ ខេត្ត​ព្រះ​វិ​​ហា​រ បង្កឱ្យលោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរកា រងរបួសក្បែរគុម្ពត្រចៀកខាងស្តាំ បន្ទាប់ពីមន្រ្តីមន្ត្រីបរិស្ថាន និងឧទ្យានុរក្ស បានបង្ក្រាបបទល្មើសព្រៃឈើ និងចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៨​គ្រឿង ដែល​ប្រជាពលរដ្ឋមួយចំនួន នៅតំបន់ក្បែរនោះ បាន​នាំគ្នា​ចូល​ទៅ​កាប់ អារ​ជ្រៀក​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​ព្រះ​រកា។

លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា មូល​ហេតុ​ដែល​នាំឱ្យ​មាន​ការបង្ករបួសស្នាមមកលើមន្ត្រីបរិស្ថាន កើតឡើង​​ក្រោយពីក្រុមមន្ត្រីបរិស្ថាន និងឧទ្យានុរក្ស បាន​បង្ក្រាបបទល្មើសព្រៃឈើ និងបានចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៨​គ្រឿង ដែល​បងប្អូន​ប្រជាពលរដ្ឋមួយចំនួននៅតំបន់ក្បែរនោះ បាន​នាំគ្នា​ចូល​ទៅ​កាប់ អារ​ជ្រៀក​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​ព្រះ​រកា។

លោកបានថ្លែងបន្តថា ដោយសារ​ជនល្មើសមាន​គ្នាច្រើន បាន​​នាំ​គ្នា​កាប់​ខ្សែ​ទំលាក់​ឈើ​ចោល រួច​បរ​គោយន្ត​​មក​ភូមិ ប៉ុន្តែកម្លាំង សមត្ថកិច្ចបានប្រកាន់ខ្ជាប់ ក្នុងការអនុវត្តច្បាប់ បានឃាត់​គោ​យ​​ន្ត​ម្តងទៀត នៅវេលា​ម៉ោង​៨​៖៣០​នាទី​យប់ ថ្ងៃទី​២៨ ​ខែ​​កក្ដ​ដា​ ឆ្នាំ​២០១៧​ ដដែល ប្រ​​ជា​ពលរដ្ឋ​ក៏បាន​លើកគ្នា​ជាង​៣០០​នាក់​ទៅ​ព័ទ្ធ​វ៉ៃ​ ​លោក យ៉ាន់ ប៊ុន​សឿង អោយ​រងរបួស​ធ្ងន់។

លោកបានថ្លែងបន្តថា ករណី​ហិង្សា​រវាង​ប្រជាពលរដ្ឋ​​និង​មន្ត្រី​អនុវត្តច្បាប់នេះ បាន​កើតឡើង​៣​លើក​មកហើ​​យ​នៅ​ឆ្នាំ​២០១៥​ និងឆ្នាំ ២០១៦ ដែលនៅពេលនោះមានការបាញ់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងនៅឆ្នាំ ២០១៧នេះ បានបង្ករបួសស្នាមមកលើមន្ត្រីឧទ្យានុរក្ស។ ករណី​នេះ​បាន​កើតឡើង​ដោយ​​សង្ស័យថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ​រៀប​ចំគម្រោង​ប្រ​​ឆាំង​អ្នក​អនុវត្តច្បាប់បទល្មើស​ព្រៃឈើ​។

មន្ទីរបរិស្ថានខេត្តបាន និងកំពុងរៀបចំលិខិតបែបបទដើម្បីប្តឹង ក្រុមជនល្មើសដែលបានបង្ករបួសស្នាម មកលើមន្ត្រីមានសមត្ថកិច្ច ទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

លោក អ៊ា សុខា បានថ្លែងថា៖ «មន្ត្រីបរិស្ថាន និងឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការការពារធនធានព្រៃឈើ និងអភិរក្សជីវៈចម្រុះ នៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រះរកា នៅតែបន្តជម្នះនូវរាល់បញ្ហាទាំងឡាយ ដើម្បីការពារដែនជម្រកសត្វព្រៃនេះ ឱ្យបានគង់វង្ស និងទប់ស្កាត់ រាល់បទល្មើស ទាំងឡាយក្នុងតំបន់នេះ»

រហូតមកទល់ពេលនេះ ឧទ្យានុរក្សជាង១២០០នាក់ បាននិងកំពុងបំពេញតួនាទីការពារ និងអភិរក្សរបស់ខ្លួន នៅតាមតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា ដោយមិនខ្លាចនឿយហត់ និងលះបង់អាយុជីវិតដើម្បីការពារធនធានធម្មជាតិកម្ពុជា ដោយសេចក្តីស្រឡាញ់ពេញចិត្ត ទោះបីជាមាន ឧបសគ្គច្រើនយ៉ាងណាក៏ដោយ។

ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីឧទ្យានុរក្សទាំងផ្នែកជីវភាព និងការពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ខណៈដែលកម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥លានហិកតាដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្មីៗនេះ បានថ្លែងថា ក្រសួងបរិស្ថាន មានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាគោលដៅទេសចរណ៍តំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជាយុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។

លោករដ្ឋមន្ត្រីបានពន្យល់ថា៖ «នៅពេលដែលមានភ្ញៀវទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ព្រៃឈើ នោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នឹងទទួលបានចំណូលពីភ្ញៀវទេសចរដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពីភ្ញៀវទេសចរ ពលរដ្ឋក្នុង សហគមន៍ផ្ទាល់ នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ»

លោកសង្កត់ធ្ងន់ថា៖ «នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធានធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល»។ ជាមួយគ្នា លោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។

លោករដ្ឋមន្ត្រីវ័យក្មេងបានសង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែង រកដំណើរកំសាន្តចុងសប្តាហ៍គួរតែធ្វើដំណើរទៅកាន់តំបន់អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិ នៅក្នុងប្រទេស ដែលជាតំបន់សក្តានុពលទេសចរណ៍៕