(ស្ទឹងត្រែង)៖ ទណ្ឌិត៥នាក់ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង បាននាំគ្នាហែកដំបូលពន្ធនាគារបម្រុងរត់ចេញ តែមិនបានសម្រេច ព្រោះតែមន្ដ្រីអនុរក្សពន្ធនាគារឃើញទាន់ និងបានឃាត់ខ្លួនមកវិញ។

ស្នងការរងខេត្តស្ទឹងត្រែង ទទួលផែនព្រហ្មទណ្ឌ លោក ហោម ប៊ុនធែល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ​ថា កាលពី២-៣ថ្ងៃមុននេះ មានអ្នកទោស៥នាក់ ដែលមានមេក្លោងជាជនជាតិឡាវ ហើយជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បាននាំគ្នាហែកដំបូលពន្ធនាគារបម្រុង​នឹងរត់គេចខ្លួន តែមិនបានសម្រេច ព្រោះមន្ដ្រីអនុរក្សនៅទីនោះឃើញទាន់ ហើយក៏បានឃាត់ខ្លួនមកវិញតែម្ដង។

សូមជម្រាបថា រឿងអ្នកទោសហែកពន្ធនាគារហើយរត់គេចខ្លួននេះ កន្លងមកធ្លាក់កើតមាននៅខេត្តរតនគិរី និងខេត្តកំពង់ស្ពឺផងដែរ ប៉ុន្ដែទណ្ឌិតខ្លះក៏ត្រូវបានចាប់ខ្លួនមកវិញ ហើយខ្លះទៀតនៅបន្ដមានសេរីភាពនៅឡើយ។

​ករណីទាំងនេះអាចចាត់ទុកថាជាបទពិសោធន៍សម្រាប់ អនុរក្សពន្ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំនៅបណ្ដាពន្ធនាគារនិមួយៗ ទូទាំង២៥រាជធានី-ខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ជុំវិញករណីអ្នកទោសហែកគុករត់គេចខ្លួននេះ៕