(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍ត្នោតជុំ បានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ដកហូតបានរថយន្ត០១គ្រឿង ម៉ូតូ០៧គ្រឿង និងសម្ភារមួយចំនួន ខណៈអ្នកញៀនល្បែងរត់គេចខ្លួនអស់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០១៖១៧នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទីតាំងផ្ទះឈ្មោះ ណូ ផល ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាប ទីតាំងសង្វៀនជល់មាន់ខាងលើនេះ កម្លាំងនគរបាលរបស់លោក បានដកហូតរថយន្ត១គ្រឿង ម៉ាក Camry ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-2903, ម៉ូតូ០៧គ្រឿង, មាន់ជល់០៧ក្បាល, អង្រុតក្រុងមាន់០៤, ជ័រហ៊ុសង្វៀន០១ដុំ, ការុងអំបិលហ៊ុសង្វៀន០១ដុំ, ស្បែកជើង០៣គូ និងសម្ភារផ្សេងទៀតដុតចោលនៅនឹងកន្លែងផ្ទាល់។

ចំពោះវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំម្ចាស់ចូលខ្លួនចាត់ការតាមនីតិវិធី៕