(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ១រូបទៀតហើយ ដែលទទួលបានគោរមងារជា «សម្តេចពិជ័យសេនា» នោះគឺ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសថា រហូតដល់ពេលនេះ ចាប់តាំងពីដឹកនាំប្រទេសមក គណបក្សប្រជាជនកម្ពុជា មានឥស្សរជនជាន់ខ្ពស់ចំនួន៩រូបហើយ ដែលបានទទួលគោរមងារជាសម្តេច ពីព្រះមហាក្សត្រ។

ឥស្សរជនទាំង៩រូបនោះ រួមមានដូចខាងក្រោម៖

១៖ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
២៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
៣៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន
៤៖ សម្តេចចៅហ៊ា្វវាំងវរវៀងជ័យស្រឹង្គារ គង់ សំអុល
៥៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន
៦៖ សម្តេចក្រឡាហោម ស ខេង
៧៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ
៨៖ សម្តេចវិបុលបញ្ញា សុខ អាន
៩៖ សម្តេចពិជ័យសេនា ទៀ បាញ់

លោក សុខ ឥសាន បានបន្តថា គោរមងារដែលសម្តេចទាំងអស់ខាងលើទទួលបាននេះ គឺជារង្វាន់ដ៏មានអត្ថន័យឧត្តុង្គឧត្តមខ្ពង់ខ្ពស់ ដែលសម្តេច បានមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបម្រើប្រជាជនកម្ពុជាទូទៅ ជាពិសេសការវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ ឲ្យរួចផុតពីគ្រោះមរណៈការស្វែងរកការបង្រួបបង្រួមជាតិ ការរកបាន សន្តិភាព ការឯកភាពជាតិ ការពារឯករាជ្យ បូរណភាពទឹកដីការពារអាធិបតេយ្យភាពជាតិ និងការកសាងអភិវឌ្ឈន៍ប្រទេសមានការរីកចម្រើនរុងរឿង៕