(សៀមរាប)៖ ម្ចាស់សំណង់ខុសច្បាប់លើផ្ទៃដីជាង៤ហិកតា ដែលគ្រោងរៀបចំជាកញ្ចុះកម្សាន្ត សម្រាប់អ្នកទេសចរ នៅខាងកើតប្រាសាទបាគងប្រហែល៥០០ម៉ែត្រ បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ក្រោយទទួលបានសេចក្តីជូនដំណឹង និងការពន្យល់ពីអាជ្ញាធរជាតិអប្សរា និងក្រុមការងាររួចមក។

អ្នកស្រី ភួន មុំ ដែលជាម្ចាស់សំណង់ខាងលើបានបញ្ជាក់ថា អ្នកស្រីបានរៀបចំដីទំហំជាង៤ហិកតានេះ ដើម្បីធ្វើជាកន្លែងកម្សាន្ត ដោយជីកបន្ថែមទៅលើត្រពាំងបុរាណដែលមានស្រាប់ សាងសង់កញ្ចុះជុំវិញបានចំនួន១០ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។

អ្នកស្រីបញ្ជាក់ថា ការសម្រេចសាងសង់នេះគឺដោយសារអ្នកស្រីឮគេនិយាយតគ្នាថា អាចធ្វើបានក្នុងពេលបោះឆ្នោត ហើយអ្នកស្រីក៏ជឿតាមគេតាមឯងទៅ។ ប៉ុន្តែក្រោយរៀបចំមិនទាន់ចប់សព្វគ្រប់ផង អាជ្ញាធរជាតិអប្សរាក៏បានចែកលិខិតជូនដំណឹងដើម្បីឲ្យធ្វើការរុះរើដោយស្ម័គ្រចិត្ត បើពុំដូច្នោះទេ ក្រុមការងារនឹងចុះមករុះរើជាមិនខាន ដោយសារសំណង់ទាំងនេះជាសំណង់ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌអង្គរ។

អ្នកស្រីបន្ថែមថា ទោះជាមានការសោកស្តាយ តែអ្នកស្រីនិងក្រុមគ្រួសារបានស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតកាន់តែច្រើន នៅពេលដែលក្រុមការងារចុះមករុះរើនោះ។ រហូតមកទល់នឹងពេលនេះ គ្រួសារអ្នកស្រីបានរុះរើសំណង់ទាំងអស់រួចរាល់ហើយ។

អ្នកស្រី មុំ បានធ្វើការផ្ដាំផ្ញើដល់ពលរដ្ឋឯទៀតៗ ដែលកំពុងរស់នៅក្នុងតំបន់ត្រូវការពារ មុននឹងសាងសង់សំណង់ផ្សេងៗ ត្រូវដាក់ពាក្យស្នើសុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរាជាមុន ដើម្បីឲ្យមានការត្រួតពិនិត្យ និងសម្រេច ចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ តួយ៉ាង ដូចករណីអ្នកស្រី ដែលត្រូវរុះរើកញ្ចុះអង្គុយតូចធំប្រមាណ១០ និងខាតបង់ថវិកាអស់ជាច្រើន។

សូមបញ្ជាក់ថា មានសំណង់ខុសច្បាប់ជាង ៥០០ ដែលសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងអំពីការទុកពេលមួយសប្តាហ៍ សម្រាប់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រុះរើជាបន្ទាន់ ដើម្បីចៀសវាងពីការខាតបង់ធ្ងន់ធ្ងរ។ បញ្ហានេះដែរ អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាបកំពុងរៀបចំក្រុមការងារដើម្បីបន្តរុះរើសំណង់ខុសច្បាប់ ដែលម្ចាស់សំណង់មិនទាន់បានរុះរើតាមសេចក្តីជូនដំណឹងកន្លងមក៕