(ភ្នំពេញ)៖ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមកពន្យល់បន្ថែមអំពីករណីប្រជាពលរដ្ឋមានការភាន់ច្រឡំថា មានរឿងចាប់ក្មេង នៅខេត្តប៉ៃលិន កាលពីម្សិលមិញនេះ បណ្តាលឲ្យផ្អើលទូទាំងខេត្ត។

លោក តូច សុភក្តី បានពន្យល់ថា ករណីដែលមានការផ្អើលឆោឡោទាំងមានការយល់ច្រឡំនេះ កើតឡើងដោយសារតែ ក្មេងមួយចំនួនបានទទួលការណែនាំ និងបង្គាប់ពីឪពុកម្តាយឲ្យប្រយ័ត្នប្រយែងចំពោះករណីចាប់ក្មេងៗ នៅក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យក្មេងៗមានការភ័យខ្លាច។

លោកបានបន្តថា ចំពោះករណីដែលថា មានមនុស្សប្រុងចាប់ក្មេង នៅចំណុចសាលារៀនអនុវិទ្យាល័យផ្សារព្រំ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននោះ គឺដំបូងឡើយឈ្មោះ អ៊ុយ ស្រីលីវ ភេទស្រី អាយុ០៦ឆ្នាំ បានដើរចេញពីសាលា ហើយមានពលរដ្ឋម្នាក់គាត់បានដើរតាមផ្លូវតែមួយជាមួយក្មេងនោះ។ ក្មេងស្រីក៏ចាប់ផ្តើមភ័យ ហើយរត់ចូលផ្ទះប្រជាពលរដ្ឋស្រែកឲ្យគេជួយ បណ្តាលឲ្យផ្អើលឆោឡោតែម្តង។

លោកបានពន្យល់បន្ថែមទៀតថា ក្រោមពិនិត្យ និងតាមដានជាក់ស្តែងចំពោះករណីនេះ គឺមិនមានការចាប់ក្មេង ដូចការផ្សព្វផ្សាយទេ។

សមត្ថកិច្ចជំនាញបានសិក្សាហើយយល់ឃើញថា បើសិនជាបុរសនោះ ចង់ចាប់ក្មេងមែន គាត់គួរតែចាប់នៅកន្លែងដែលស្ងាត់បាត់ទៅហើយ មិនរង់ចាំរហូតដល់ក្មេងដើរដល់ផ្ទះប្រជាពលរដ្ឋឡើយ ដោយសារតែចម្ងាយពីសាលាទៅផ្ទះប្រជាពលរដ្ឋនោះ គឺមានចម្ងាយឆ្ងាយ និងមានកន្លែងស្ងាត់ច្រើន។

លោក តូច សុភក្តី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភាន់ច្រឡំចំពោះករណីនេះទៀត ដោយសារតែពុំមែនជាករណីចាប់ក្មេង ដូចការផ្សព្វផ្សាយឡើយ ហើយក៏អំពាវនាវដល់អ្នកលេង Facebook បញ្ឈប់បន្តចែកចាយនូវដំណឹងភូតកុហក ឬដំណឹងមិនច្បាស់លាស់អំពីការចាប់ក្មេងតទៅទៀត។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាក្រសួងមានសមត្ថកិច្ចថ្នាក់កំពូលរបស់កម្ពុជា បានចេញមកប្រកាសថា រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅកម្ពុជាឡើយ ហើយលោកបានអះអាងថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា៕