(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀនដ៏សកម្ម ចំនួន៣នាក់ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់ រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ការចុះប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើង នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការដឹកនាំកម្លាំងចុះប្រតិបត្តិការ ពីលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ។

លោក ម៉ន វុធី អធិការរងខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ស៊ុន កាស៊ី អាយុ៣៥ឆ្នាំ ជាមេខ្លោងក្រុមជួញដូរគ្រឿងញឿន ទី២៖ ឈ្មោះ ថុល សុវណ្ណារិទ្ធ អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ថុន សុង អាយុ១៩ឆ្នាំ ពួកគេទាំង៣នាក់នោះ ស្នាក់នៅក្នុងភូមិខាងលើ។

លោក ម៉ន វុធី បានបន្តថា ការចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀនខាងលើនេះ គឺកម្លាំងបានធ្វើឡើង តាមរយៈការស្រាវជ្រាវ គឺក្រុមនេះមិនមែនមានតែចំនួន៣នាក់នេះទេ ពួកគេមានគ្នារហូតដល់ទៅ៥នាក់ ដោយកាលពីវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី២៧ ខែកក្កដា កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួន បក្សពួកជនសង្ស័យបានចំនួន២នាក់ ខណៈពេលពួកគេកំពុងជិះម៉ូតូ ទៅចែកចាយគ្រឿងញៀន។

លោកបន្ថែមទៀតថា ព្រមទាំងធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួចមកហើយ នៅក្នុងខណៈនោះបាននាំទៅធ្វើការសាកសួរ ទើបដឹងថាពួកនោះមានមេខ្លោងធំម្នាក់ឈ្មោះ ស៊ុន កាស៊ី និងបក្សពួក២នាក់ផ្សេងទៀត បន្ទាប់កម្លាំងបានធ្វើការស្រាវជ្រាវបន្ត រហូតកំណត់បានពីទីតាំងលាក់ខ្លួន របស់ជនទាំងនោះច្បាស់លាស់ហើយ ទើបឈានដល់ការចាប់ខ្លួនមេខ្លោងរូបនោះ រួមនិងបក្សពួកនាពេលនេះតែម្ដង។

ក្រោយពេលចាប់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្សពួកខាងលើនោះ កម្លាំងនគរបាល បានដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ៕