(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់​សិស្សានុសិស្សថ្នាក់ទី១២ ដែលទើបត្រៀមប្រឡងបាក់ឌុប នៅ​ថ្ងៃទី២១ សីហាខាងមុខនេះ, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយរួមដំណើរដោយលោកអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាល បានជួប​សំណេះសំណាល និងផ្តល់ចំណេះដឹងបទពិសោធន៍ខ្លះៗ ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្សក្នុងថ្ងៃប្រឡង ។

​លោកអភិបាលខណ្ឌ បានចាត់ទុកជំនួបនេះ ជាការ​លើកទឹកចិត្ត និងស្នើដល់​សិស្សានុសិស្សទាំងអស់​ឲ្យបន្តការសិក្សា របស់ខ្លួនបន្តទៀត នៅពេលប្រកាសលទ្ធផល ប្រឡងបាក់ឌុប នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់យកអាជីព​ដែលខ្លួនស្រឡាញ់ពេញចិត្ត និងសង្ឃឹមថា អាចសាងអនាគតរបស់ខ្លួន​បានល្អប្រសើរ​។ នេះជាការលើកឡើង​របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងពិធីសំណេះសំណាលជាមួយប្អូនៗ សិស្សវិទ្យាល័យព្រែកថ្មី ប្រមាណ​៩០នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧​។

លោក ចេង មុនីរ៉ា បង្ហាញក្ដីសង្ឃឹមថា «ធនធានមនុស្សចេញពីប្អូនៗ សូមប្អូនៗកុំភ្លេចថា ប្រទេសជាតិ​យើង គឺមានភាគហ៊ុនរបស់ប្អូនៗ ប្រទេសជាតិយើងកំពុងរង់ចាំយើង ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គម ហើយសង្គមរីកចម្រើនទៅបាននោះ អាស្រ័យលើប្អូនៗទាំងអស់គ្នា ដែលយើងជ្រកក្រោមសន្តិភាពដូចសព្វថ្ងៃនេះ»

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ក្នុងនាមអាជ្ញាធរ លោកនឹងបន្តជួយតទៅទៀត ក្នុងការលើកទឹកចិត្តដល់​ប្អូនៗ និងក្មួយៗ ទៅតាមលទ្ធភាពជាក់ស្តែង ដោយលោក​ស្នើឲ្យដល់ក្មួយៗ​ទាំងអស់ ខិតខំបន្តការសិក្សា​រៀនសូត្រតទៅទៀត ដើម្បីយកចំណេះដឹងទាំងអស់នេះ មកបម្រើការងារក្នុង​ភូមិឋានរបស់ខ្លួនវិញ​។

យុវជនខណ្ឌ សង្កាត់ គឺសុទ្ធតែជាអ្នកគាំទ្រដល់រាជរដ្ឋាភិបាល​ក្រោមការដឹកនាំ​របស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេស​ជាតិមានការរីកចម្រើន ជាក់ស្តែងក្នុងសង្កាត់ព្រែកថ្មី ទាំងមូលមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដូចជាការស្ថាបនាស្ពានតាខ្មៅ ឆ្លង ទន្លបាសាក់ ដែលមិនធ្លាប់មានពីមុនមក ដើម្បីបម្រើការធ្វើដំណើរ ដោយមិនបាច់ឆ្លងទូក​ដូចពីមុន និងសព្វថ្ងៃនេះ កំពុងធ្វើការស្ថាបនាពង្រីកផ្លូវកៅស៊ូលេខ១១០ទៀត ចាប់ពីព្រំប្រទល់សង្កាត់ព្រែកប្រា រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ​។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានជូនពរដល់ប្អូនៗ សូមឲ្យប្រឡងបានជាប់និទ្ទេសល្អៗ ទាំងអស់គ្នា។

ក្នុងឱកាសនោះ លោកអភិបាល ក៏បានឧបត្ថម្ភថវិកាដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកថ្មី ចំនួន៤០ម៉ឺនរៀល និងឧបត្ដម្ភ​ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សាមួយចំនួនទៀតផងដែរ៕