(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារលិខិតជូនពរ និងអបអរសាទ ចំពោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសនាយឧត្តមសេនីយ៍ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជាសម្តេចពិន័យសេនា ទៀ បាញ់។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយជាអនេកប្បការ ក្នុងឱកាសដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារ ជាសម្ដេចពិជ័យសេនា ទៀ បាញ់»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ទៀតថា សម្ដេចពិជ័យសេនា គឺជាឥស្សរជនខ្មែរមួយរូប ដែលបានរួមចំណែកជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត អស់រយៈពេលជិត៤០ឆ្នាំកន្លងមក ដោយបានសហការគ្នា ដោះស្រាយនូវរាល់ការលំបាកនានា ពិសេសសម្ដេច គឺជាឥស្សរជនដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការបម្រើជាតិ មាតុភូមិ នាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរសេរទៀតថា «សូមសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ»៕