(កំពង់ធំ)៖ ព័ត៌មានផ្អើលចាប់ក្មេងវះយកគ្រឿងក្នុង កំពុងតែបន្ដរីករាយភាយទៅដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំទៀតហើយ នៅវេលាថ្ងៃត្រង់ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook ពីសំណាក់គណនីឈ្មោះ Sem Choeurn ថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅភូមិថ្លា ឃុំច្រនាង ពាក់ព័ន្ធនឹងការចាប់ក្មេង។

ឆ្លើយតបព័ត៌មានដែលធ្វើឲ្យចលាចល និងភ្ញាក់ផ្អើលពេញទឹកពេញដីខាងលើនេះ ទាំងព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា​ និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អ៊ុក កុសល បានចេញមកច្រានចោល និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនៅស្រុកបារាយណ៍នោះ រក្សាភាពស្ងប់ស្ងាត់ ខណៈដែលសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ លើជនសង្ស័យទាំង២នាក់ ពីព្រោះវាអាចជាករណីផ្សេង ដូចជាចោរកម្មជាដើម។

លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបញ្ជាក់ថា នៅវេលាថ្ងៃត្រង់នេះ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ទៅឈប់នៅក្នុងវត្តច្រនាង ពេលនោះព្រះសង្ឃក៏បានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ហើយភ្លាមៗសមត្ថកិច្ចក៏ បានចុះទៅដល់ ស្រាប់តែជនសង្ស័យទាំង២នាក់ឃើញសមត្ថកិច្ច ក៏រត់ចោលម៉ូតូ។

ពេលដែលឃើញជនសង្ស័យរត់ចោលម៉ូតូភ្លាមៗ សមត្ថកិច្ចក៏បានដេញតាម ហើយចាប់ខ្លូនពួកគេទាំង២នាក់ យកមកសួរនៅប៉ុស្ដិ៍នគរបាល ស្រាប់តែផ្អើលប្រជាពលរដ្ឋ ជាង១០០នាក់ ទៅឡោមព័ទ្ធប៉ុស្ដិ៍ និងនាំគ្នានិយាយតៗគ្នាថា ជាករណីចាប់ក្មេងវះយកក្រលៀន ឬគ្រឿងក្នុង រហូតពួកគេបានប្រើអំពើហិង្សា រើសដំថ្ម និងដំបងវាយទៅលើ ជនសង្ស័យទាំង២នាក់នេះទៀតផង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះសមត្ថកិច្ចរបស់លោក កំពុងតែនាំជនសង្ស័យទាំង២នាក់នេះ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យដឹងប្រាកដថា ពួកគេពាក់ព័ន្ធទៅនឹងករណីអ្វី ប៉ុន្ដែលោកចាត់ទុកថា មិនមែនជាករណីចាប់ក្មេងដូចប្រជាពលរដ្ឋផ្អើលឈូរឆនោះទេ។

ជាមួយគ្នានេះព្រះរាជអាជ្ញាខេត្តលោក អ៊ិត សុធា ក៏បានលើកឡើងយ៉ាងដូច្នេះ ដោយលោកបានអះអាងថា ជនសង្ស័យទាំង២នាក់ អាចជាមុខសញ្ញាលួចម៉ូតូ មិនមែនជាករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចជាប្រជាពលរដ្ឋផ្អើលនោះឡើយ ហើយបច្ចុប្បន្នស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច៕