(ភ្នំពេញ)៖ ក្រោយមានការចេញផ្សាយព័ត៌មាន ដោយយោងតាមការអះអាងពី មន្ត្រីអាជ្ញាធរសមត្ថកិច្ចខេត្តកំពត បានធ្វើការចោទប្រកាន់ទៅលើ លោក ស៊ុំ ពៅ ជាមន្ត្រីអាវុធហត្ថនៅខេត្តកំពង់ឆ្នាំង និងភរិយាថា បានទៅរំលោភយកដីរដ្ឋនៅចំណុចជើងភ្នំបត់ទ្វារ ធ្វើជាកម្មសិទ្ធិខុសច្បាប់រួចមក លោក ស៊ុំ ពៅ បានចេញមុខមកធ្វើការបំភ្លឺថា ដីដែលគេចោទថាលោករំលោភយកដោយខុសច្បាប់នោះ តាមពិតជាដីដែលលោកទិញពី ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ មានលិខិតទិញ-លក់ មានអាជ្ញាធរភូមិ ឃុំ ចុះហត្ថលេខាទទួលស្គាល់ត្រឹមត្រូវ មិនមែនលោកទៅបំពានយកដីរដ្ឋ ដោយខុសច្បាប់ឆៅៗនោះទេ។

លោក ស៊ុំ ពៅ បានអះអាងថា ដីនៅជើងភ្នំបត់ទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដែលមន្ត្រីអាជ្ញាធរសមត្ថកិច្ចអះអាងថា ជាដីរដ្ឋហើយ ត្រូវបានរូបលោកទៅរំលោភយកនោះ វាជារឿងមិនពិតឡើយ។ តាមពិតដីទាំងអស់នោះលោកបានទៅទិញ ពីប្រជាជននៅមូលដ្ឋាននោះដែលពួកគាត់កាន់ កាប់ជាយូរមកហើយ ហើយលោកទិញពីប្រជាពលរដ្ឋ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ក្រោយមកលោកបានដាំដើមឈើ នៅលើដីនោះទៀតផង ហើយការទិញលក់សុទ្ធតែមានមេភូមិ មេឃុំចុះហត្ថលេខាដឹងឮត្រឹមត្រូវ មិនមែនលោកទៅបំពានយកដីរដ្ឋឆៅៗនោះទេ ព្រោះសម័យនេះហើយ នៅតំបន់នោះមានតែដីគ្រប់គ្រងដោយពលរដ្ឋ គ្មានដីទំនេរនោះទេ លើកលែងតែដីសាធារណៈ និងដីភ្នំដែលគ្រប់គ្រងដោយរដ្ឋ។

លោក ស៊ុំ ពៅ បានអះអាងថា តាមពិតរឿងនៅពីក្រោយ ខ្នងមន្ត្រីអាជ្ញាធរចោទថាលោកទៅរំលោភយកដីរដ្ឋនោះ គឺផ្ដើមចេញពីមានជំទាវ មានឥទ្ធិពលម្នាក់ នៅខេត្តនោះចង់ទិញដី របស់លោកដោយអោយតំលៃថោក ហើយលោកមិនព្រមលក់ ទើបគេបង្កើតរឿងថាដីនៅតំបន់នោះជាដីរដ្ឋ ដោយយកតាអាចារ្យដែលជាអ្នកគ្រប់គ្រងថែរក្សា អាស្រមយាយម៉ៅដែលមានទីតាំង នៅទល់មុខដីរបស់លោក នោះធ្វើជាខែលតែប៉ុណ្ណោះ។

លោក ស៊ុំ ពៅ បានបន្តថា ដីនៅទល់មុខតំបន់អាស្រមយាយម៉ៅនោះ ក្រៅពីកាត់ចំណីផ្លូវជាតិ២៥ម៉ែត្រ ចេញគឺគ្រប់គ្រងដោយ៣ម្ចាស់ ទី១៖ ដីរបស់លោកមានក្បាលជាង២០០ម៉ែត្រ ទី២៖ ដីរបស់អតីតប្រធានតុលាការខេត្ត និងដីរបស់សមាគមការពារកុមារ និងជនគ្មានទីពឹងនៅសង្ខាង។ ចុះហេតុអ្វីបានជាគេមកចោទតែលោកម្នាក់ថា ជាអ្នកបំពានយកដីរដ្ឋទៅវិញ? ចុះម្ចាស់ដីនៅសង្ខាងផ្សេងៗទៀត ហេតុអ្វីមិនចោទផងដែរ ទៅ!។ តាមពិតរឿងនេះ គឺដោយសារតែ មានអ្នកមានឥទ្ធិពលនៅក្នុងខេត្ត ជាអ្នកនៅពីក្រោយខ្នងប៉ុណ្ណោះ ដោយគេចង់បានដីរបស់លោកយកទៅបើកធ្វើអាជីវកម្ម លក់ដូរ(ជួលអោយគេ) ដូចជាចំណតរថយន្ត កន្លែងលក់បាយ ភេសជ្ជៈសំរាប់អ្នកដំណើរឈប់ចូលបុណ្យស្រន់ជាដើម ព្រោះមានតូបយាយម៉ៅនៅទល់មុខ។ ក្នុងនោះកន្លងមក អ្នកមានឥទ្ធិពលនោះក៏ធ្លាប់មកសុំទិញដែរ តែអោយតម្លៃថោក លោកមិនលក់គេក៏អោយតាអាចារ្យដែលនៅថែរក្សាអាស្រមយាយម៉ៅ ធ្វើសំណើសុំដីចំណី ផ្លូវមុខអាស្រមនោះ(ចំពីមុខដីលោក) ដើម្បីធ្វើជាចំណតរថយន្តពេលអ្នកដំណើរ ឈប់អុជធូបបន់ស្រន់ ដើម្បីកុំអោយឈប់នៅលើផ្លូវឬលើចំណី ផ្លូវនាំស្ទះចរាចរឬមានគ្រោះថ្នាក់ជាដើម។

ពេលអាជ្ញាធរឃុំអនុញ្ញាតអោយ ស្រាប់តែតាអាចារ្យនោះបំពាន វាទយកដល់ដីរបស់លោករហូតដល់ជើងភ្នំតែម្ដងទៅ ហើយនៅពេលដែលលោកជំទាស់ ទើបគេបង្កើតរឿងថាជាដីរដ្ឋ ហើយយកលេសដីរដ្ឋនេះ មកចោទលោកថា ជាអ្នកបំពានយកតែម្ដង។ ក្នុងនោះលោកសូម អោយទៅសួរប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅតំបន់នោះ ទៅថាតើបច្ចុប្បន្នមានដីរដ្ឋឬអត់? បើទោះជាដីនៅតំបន់នោះជាដីរដ្ឋ មិនផ្ដល់កម្មសិទ្ធិអោយឯកជនមែន តែដីទាំងអស់នោះត្រូវបានគ្រប់គ្រង ដោយប្រជាពលរដ្ឋធ្វើស្រែចំការអាស្រ័យផល អស់ទៅហើយ មិនអាចទៅយកពីពួកគាត់បាននោះទេ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចំរុះខេត្តកំពត ដឹកនាំដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល បានចុះទៅបង្រ្កាប និងរឹប អូសសម្ភារៈមួយចំនួនដោយចោទថា ជារបស់ជនខិលខូចកំពុងទន្ទ្រានយកដីរដ្ឋ នៅចំណុចជើងភ្នំបត់ទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា កាលពី៣ថ្ងៃមុនមានជនខិលខូចឈ្នោះ ស៊ុំ ពៅ ដែលគេសង្ស័យថា ជាមន្ត្រីកងរាជអាវុធហត្ថ ប្រចាំខេត្តកំពង់ឆ្នាំង និងប្រពន្ធ បានមកធ្វើការកាប់ និងដកបំផ្លាញដើមឈើប្រភេទគគី ដែលអតីតអភិបាលខេត្តកំពតលោក ខូយ ឃុនហ៊ួរ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងទាំង៣ប្រភេទ ចុះដាំនៅលើចំណុចដីនេះ។ ចំណែកប្រជាពលរដ្ឋនៅជិតកន្លែងទីតាំងដីរំលោភខាងលើ ក៏បានឲ្យដឹងដែរថា មូលហេតុពីរនាក់ប្តីប្រពន្ធមករំលោភយកដីខាងលើ គឺពួកគេបានទិញពីប្រជាពលរដ្ឋក្នុងភូមិក្នុងតម្លៃ ៣,៥០០ដុល្លារទៅ៤,០០០ដុល្លារ ក្នុងមួយក្បាលដី ហើយមានអាជ្ញាធរមូលដ្ឋាន ដឹងឮទៀតផង។ ម្យ៉ាងដីនៅម្តុំនោះមានជាច្រើនប្លង់ ស៊ុំទ្ធសឹងជាដីដែលត្រូវបានលួចលក់ ដោយខុសច្បាប់៕