(ព្រៃវែង)៖ លោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោកស្រី លាង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ​អញ្ជើញចូលរួមបើក​ការប្រកួតដណ្តើម ពានរង្វាន់បាល់ទះ និងបាល់ទាត់សហភាព​សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង​ឆ្នាំ២០១៧ ជាផ្លូវការ នៅទីលានបាល់ទះខេត្តព្រៃវែង។

លោក ខៀវ ភារិទ្ធ លើកឡើងថា ការរៀបចំ​ប្រកួតកីឡាដណ្តើម ពានរង្វាន់បាល់ទះ និងបាល់ទាត់សហភាព​សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០១៧នេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងស្មារតីយុវជនខេត្តព្រៃវែងទំាងមូល ឲ្យងាកមកស្រឡាញ់ និងគាំទ្រវិស័យកីឡា ក្នុងស្មារតីសាគ្គីរួបរួមខែ្មរតែមួយ ជាពិសេសដើម្បី​ចូលរួមចំណែក ជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង នឹងអាចឆ្ពោះទៅរកភាពជោគជ័យ នៃការប្រកួតកីឡា SEA GAMES ខាងមុខនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត យោងអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្ននេះវិស័យកីឡា បា​ននិងកំពុងធ្វើឲ្យកម្ពុជាមានភាពស្មើមុខ ស្មើមាត់ ជាមួយប្រទេសដទៃ ហើយសម្តេច ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋបន្តចូលរួម និងគាំទ្រវិស័យកីឡា និងសូមឲ្យលេងកីឡាទំាងអស់គ្នា យ៉ាងហោចណាស់ម្នាក់ ត្រូវចេះលេងកីឡាឲ្យបានមួយមុខ ព្រោះកីឡានាំមកនូវសុខភាព ​មិត្តភាព និងមិនប្រកាន់ពូជសាសន៍ឡើយ។

​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានបន្តថា ទនឹ្ទងនឹងនេះ ដោយទទួលបានការណែនាំ និងផ្តាំផ្ញើពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​ព្រមទំាងការជំរុញគាំទ្រយ៉ាងហ្មត់ចត់ក្នុងការដាក់ផែនការ លើកទិសដៅយ៉ាងច្បាស់លាស់ របស់លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឲ្យវិស័យកីឡាបាល់ទាត់ និងបាល់ទះក្នុងខេត្តព្រៃវែង កាន់តែមានសន្ទុះខ្លាំងៗ គួរឲ្យកត់សម្គាល់។

ជាក់ស្តែងការប្រកួតលើកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងខេត្តព្រៃវែង ដែលមានក្រុមបាល់ទាត់កើនឡើងចំនួន៣២ក្រុម ក្នុងនោះមានយុវជនជាង៥០០នាក់ និងបាល់ទះចំនួន១៤ក្រុម ដែលមានយុវជន២០០នាក់ កាន់តែធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាដណ្តើម ពានរង្វាន់បាល់ទះ និងបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង​ឆ្នាំ២០១៧ ទទួលបានការចាប់អារម្មណ៍ជាងឆ្នាំមុនទៅទៀត​។

លោកបានបន្ថែមទៀតថា អ្វីដែលកាន់តែធ្វើឲ្យមានភាពភ្ញាក់ផ្អើលនោះ សម្រាប់កីឡាករបាល់ទះ ដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងត្រូវមានសិទ្ធិចូលរួមការប្រកួតពានរង្វាន់បាល់ទះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីលានបាល់ទះខេត្តព្រៃវែង នាពេលខាងមុខនេះ៕