(ភ្នំពេញ)៖​ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ, ដើម្បីជាការជំនួយស្មារតី ដល់សិស្សានុសិស្សដែល ត្រៀមការប្រឡងដ៏សំខាន់នេះ អង្គភាព Fresh News សូមលើកយកនូវបទបញ្ញតិមួយចំនួន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មកជម្រាបជូនដូចខាងក្រោម៖

១៖​ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០១៧ ប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧។

២៖ សម្រាប់​ឆ្នាំ​២០១៧ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៧នេះ គឺគ្មានការ​ប្រឡងលើក​ទី២ ទេ ។

៣៖ ដើម្បី​​មាន​សិទ្ធិ​ចូល​ប្រឡង ​បេក្ខជន​ត្រូវ​យក​មក​ជា​មួយ ​នូវ​ប័ណ្ណ​សម្គាល់​ខ្លួន សម្រាប់​បេក្ខជន​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា និង​សលាកបត្រ​ឯកត្តជន ​សម្រាប់​បេក្ខជនស្វៃរិន​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា។

៤៖ ប្រសិន​បើ​បេក្ខជន​បាត់​ប័ណ្ណ​សម្គាល់​​ខ្លួន ឬ​សលាកបត្រ​ឯកត្តជន ត្រូវ៖ មុន​កាល​បរិច្ឆេទ​ប្រឡង បេក្ខជន​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា ត្រូវ​ទាក់ទង​​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ រីឯ​បេក្ខជន​ស្វៃរិន ត្រូវ​ទាក់ទង​ជា​មួយ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា ឲ្យ​បាន​ឆាប់​បំផុត​ ដើម្បី​ស្នើ​សុំ​ប័ណ្ណ​​សម្គាល់​​ខ្លួន សលាកបត្រ​ឯកត្តជន​ថ្មី ឬ​លិខិត​បញ្ជាក់។ ក្នុង​​ពេល​ដំណើរការ​សំណេរ បេក្ខជន​ត្រូវ​ទាក់ទង ​ប្រធាន​មណ្ឌល ​ដើម្បី​ស្នើ​សុំ​​លិខិត​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង។

៥៖ បញ្ជី​ឈ្មោះ​បេក្ខជន​ លេខ​តុ​ លេខ​បន្ទប់​ ​និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង​ នឹង​បិទ​ផ្សព្វផ្សាយ ​តាម​មណ្ឌល​ប្រឡង​ ចាប់​ពី​ម៉ោង​៩ព្រឹក ​ថ្ងៃ​ទី​២០ ខែ​សីហា​ ឆ្នាំ​២០១៧។

៦៖ សម្ភារៈដែល​ត្រូវ​បាន ​អនុញ្ញាត​ឲ្យ​បេក្ខជន​យក​ចូល ​ក្នុង​បន្ទប់​ប្រឡង ​ដូច​ជា ប៊ិក​ពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ។

៧៖ បេក្ខជន​​មិន​អាច​​ប្រើ​ម៉ាស៊ីន​គិតលេខ ​ក្នុង​ពេល​ប្រឡង​បានទេ។ ហេតុផល​មិន​អនុញ្ញាត​ឲ្យ​ ប្រើ​ម៉ាស៊ីន​គិត​លេខ គឺ​ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​​ទាំងអស់​។ ការ​រៀប​ចំ​នូវ​វិញ្ញាសា​នីមួយៗ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់ ​ផ្អែក​ទៅ​តាមពេលវេលា​ដែល​បាន​កំណត់។ ម៉ាស៊ីន​គិត​លេខ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់ មាន​មុខងារ​ប្រើប្រាស់តិច ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំ​មាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ការ​គិត​លេខ​ដោយ​ខួរក្បាល​ នឹង​បង្កើន​ភាព​រស់​រវើក ​​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​បាន​ល្អ។

៨៖ បេក្ខជនណាដែលមានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើងលើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡងបេក្ខជននោះ នឹងបានពិន្ទុសូន្យចំពោះវិញ្ញាសានោះ និងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀត ក្នុងសម័យប្រឡងនេះ។

៩៖ បេក្ខជនណាដែល អើតមើលសន្លឹកកិច្ចការអ្នកដទៃបេក្ខជននោះ នឹងបានពិន្ទុសូន្យចំពោះវិញ្ញាសានោះ និងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។

១០៖ ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវ​បាន​កំណត់​ឲ្យ​​ធ្លាក់​ និង​ផ្អាក​មិន​ឲ្យ​​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់​។ ដោយ​ឡែក​ បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​ច្បាប់​ជា​ធរមាន។

១១៖ បេក្ខជនណាដែលចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួន អង្គុយបេក្ខជននោះនឹងបានពិន្ទុសូន្យ ចំពោះវិញ្ញាសានោះ និងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀត ក្នុងសម័យប្រឡងនេះ។

១២៖ វិញ្ញាសាប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ៖ ថ្នាក់វិទ្យាសាស្ត្រ គឺប្រវត្តិវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម គឺផែនដី និងបរិស្ថានវិទ្យា

១៣៖ ពិន្ទុត្រូវបានកំណត់ឲ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ ២៣៩ពិន្ទុ។ ក្រសួងពន្យល់ថា របបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង២៣៧.៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕