(កណ្តាល)៖ ករណីចុះបង្ក្រាប់ទីតាំងម៉ាស្សាកោសជប់២ទីតាំង ដែលបង្កប់សេវាបម្រើផ្លូវភេទនៅចំណុចមាត់ ទន្លេក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឃាត់បាននារីម៉ាស្សាកោសជប់៦នាក់សួរនាំ​។

ចំណែកម្ចាស់ទីតាំងទាំង២ បានរត់គេចខ្លួនបាត់មុនកម្លាំងនគរបាលចុះទៅបង្ក្រាប ប៉ុន្តែបើ​តាមប្រភព ជុំវិញទីតាំងម៉ាស្សាកោសជប់នោះ គេនិយាយថា ម្ចាស់ទីតាំងទាំង២ដឹងខ្លួនមុន​ បានដោយសារមានអ្នកផ្តល់ដំណឹងតាមទូរស័ព្ទឲ្យ ហើយបើតាមការអួតក្អេងក្អាងរបស់នារីម៉ាស្សាកោសជប់ ដែលកម្លាំងនគរបាលឃាត់ខ្លួន​នោះថា ឃាត់ខ្លួនថៅកែគេម្តេចបាន បើមានមេនៅលើប្រាប់ឲ្យគេចខ្លួន តាំងពីម៉ោង១២ថ្ងៃត្រង់ មកម្ល៉េះ។

មន្ដ្រីនគរបាលឲ្យដឹងថា ម្ចាស់ផ្ទះទីតាំងទី១​៖ ឈ្មោះ ចាន់ លក្ខិណា ​​ហៅ​សីណា អាយុ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មាននារីម៉ាស្សាកោសជប់៤នាក់ ចំណែកម្ចាស់ផ្ទះទីតាំងទី២៖ឈ្មោះ ម៉ុន ស្រីថូ ហៅពៅ អាយុ២៦ឆ្នាំ ស្នាក់កន្លែងកើតហេតុ។

នគរបាលបានបន្តថា មុនពលចុះបង្ក្រាបដោយទទួលព័ត៌មានថា ទីតាំងម៉ាស្សាកោសជប់២ទីតាំងខាងលើ បង្កប់សេវាផ្លូវភេទ និងដោយមានកិច្ចសហការពីកម្លាំងជំនាញផ្នែកជួញដូរមនុស្សខេត្តកណ្តាល ធ្វើការចុះបង្រ្កាបឃាត់ខ្លួននារី កោសជប់ម៉ាស្សាបាន​៦នាក់ក្នុងនោះ ០៣នាក់ កំពុងបម្រើពេស្យាចារនៅទីតាំងខាងលើ​ ចំណែកម្ចាស់ទីតាំងទាំង២កន្លែង បានគេចខ្លួនបាត់។

​ក្រោយពីឃាត់ខ្លួននារីម៉ាស្សាកោសជប់ទាំង៦នាក់នោះរួច ដោយមានការឯកភាពពីលោកស្រីស្នងការរង ទទួលផែន​ប្រឆាំងអំពើរជួញដូរមនុស្ស និងការពារអនីតិជន បានអនុញ្ញាតិឲ្យធ្វើការអប់រំនារីទាំង៦នាក់នោះ ដោយធ្វើកិច្ចសន្យារួច ឲ្យវិលត្រឡប់ទៅផ្ទះរៀងខ្លួនៗ ចំណែកម្ចាស់ទីតាំងទាំង២ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។

បើតាមមន្ដ្រីនគរបាល ដែលចូលរួមបង្ក្រាប​បាននិយាយថា ក្រោយពីឃាត់នារីម៉ាស្សាទាំង៦នាក់នោះ រួចសួរនាំនារីទាំងនោះ និយាយដោយអួតអាងថា ចាប់មេគេមិនបានបើ មេគេមានទំនាក់ទំនងជាមួយខាងលើ ហើយមុនកម្លាំងនគរបាលចុះមកដល់នោះ ខាងលើបានប្រាប់មេគេរួចហើយ ហើយមេពួកគេ បានប្រាប់ឲ្យគេទៅណានោះទេ គឺឲ្យនៅកន្លែងទោះគេមកចាប់ក៏ចាប់ទៅ។

បើអ្នករត់ម៉ូតូកង់បីនៅទីតាំងទាំង២នោះនិយាយថា ម្ចាស់ទីតាំង២នេះបានចាកចេញកន្លែងតាំងនៅម៉ោងប្រហែល១២ ថ្ងៃត្រង់ម្ល៉េះ ដោយគេនិយាយថា ខាងលើបានខលប្រាប់ថា គេនឹងចុះមកបង្ក្រាប ដោយគេដឹងថា​ទីតាំងយើងមានបង្កប់សេវាផ្លូវភេទ។ ​ចំពោះពាក្យថាខាងលើនេះ ទំនងជាជំនាញនៅខេត្តហើយមើលទៅ ប៉ុន្តែទោះបីជាយ៉ាងក៏នៅមិនដឹងថាខាងលើ នោះមានកំពស់ណានោះទេ។

ពាក់នឹងការបង្ក្រាបទីតាំម៉ាស្សាកោស​ជប់នេះដែរ ​មហាជនបាន​រិះគន់ថា ការចុះបង្ក្រាបនេះវាហាក់បីដូចជាធ្វើឲ្យគ្រាន់តែល្អ​មើលប៉ុណ្ណោះ កុំឲ្យគេរិះគន់តែប៉ុណ្ណោះ ព្រោះអីម្ចាស់ទីតាំងទាំង២នេះ គេចាកចេញតំណាលគ្នាល្អណាស់​៕