(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា ជនអាណាធិបតេយ្យ មិនចង់ឱ្យប្រទេសកម្ពុជាមានច្បាប់នោះទេ ដើម្បីពួកគេឆ្លៀតយកការចន្លោះប្រហោង ប្រព្រឹត្តបទល្មើសផ្សេងៗបាន។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីបុគ្គល និងក្រុមសង្គមស៊ីវិលមួយចំនួន បានរិះគន់ចំពោះការចូលជាធរមាននូវ វិសោធនកម្មច្បាប់ គណបក្សនយោបាយថ្មី ដែលចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ដោយ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ។ ក្រុមសង្គមស៊ីវិលទាំងនោះចាត់ទុកថា ការរៀបចំច្បាប់នេះ គឺដើម្បី​ពង្រីក​អំណាច​ដល់​រដ្ឋាភិបាល​។

លោក សុខ ឥសាន បានថ្លែងថា ដើម្បីពង្រឹងអំណាចរដ្ឋ ទាមទារមានច្បាប់នានាស្របតាមសំណូមពរត្រូវការេបស់សង្គម ដោយការធ្វើច្បាប់ មិនតម្រូវចិត្តរបស់ជនណា ឬមជ្ឈដ្ឋានណាទើ្បយ។ លោកបានបន្ថែមថា ការធ្វើច្បាប់នេះ ជាធម្មតា ត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋទូទៅ ព្រោះអ្នកណាក៏ចង់បានប្រទេសជាតិមានវិន័យ សណ្តាប់ធ្នាប់ មានរបៀបរៀបរយដែរ។ ក៏ប៉ុន្តែចំពោះជនអាណាធិបតេយ្យ មិនចង់ឲ្យ ប្រទេសមានច្បាប់ទេ អាលពួកគេឆ្លៀត ការនៅមានចន្លោះប្រហោង ប្រព្រឹត្តបទល្មើសផ្សេងៗបានដោយគ្មានទោសពៃ។

លោកបានគូសបញ្ជាក់ថា «ដូច្នេះហើយ នៅពេលធ្វើច្បាប់ម្តងៗពួកគេតែងតែនាំគ្នាធ្វើសកម្មភាពរារាំង និងប្រឆាំងតាមគ្រប់រូបភាព ក្នុងគោលបំណងកុំឲ្យប្រទេសជាតិមានច្បាប់ សម្រាប់ចង និងកម្រិតសិទ្ធិសេរីភាពអនាធិបតេយ្យរបស់ពួកគេ។ ទិសដៅរបស់ពួកគេ គឺប្រឆាំង និងចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលពួកគេលាបព៌ណថា​ ជាពួកកុំមុយនិស្តដែលត្រូវតែតាមព្យាបាទ តម្រូវចិត្តចៅហ្វាយនាយរបស់គេជាចក្រព័ត្ត។ ការចងអាឃាដរបស់ពួក មានក្នុងចិត្តជារៀងរហូត លុះត្រាតែមហិច្ឆតា របស់ពួកគេបានសម្រេចនោះ ទើបចប់»

លោក​ សុខ ឥសាន បានបញ្ជាក់ទៀតថា ហេតុនេះការតស៊ូរវាងគណបក្សប្រជាជនកម្ពុជា និងជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន នឹងពួកអមិត្ត នៅមានវែងឆ្ងាយតទៅទៀត ដែលចាំបាច់ មានការប្រុងប្រយ័ត្នជាប់ជានិច្ច និង ត្រូវមានវិធានការណ៍ផ្លូវច្បាប់ចំពោះពួកអមិត្តទាំងនោះ ដោយជ្រះស្រឡះគ្មានស្រពិចស្រពិល និងដោយមិនស្ទាក់ស្ទើរជាដាច់ខាត នោះទើបធានាបាននុរន្តរភាពនៃការស់រាន និងស្ថិតស្ថិររបស់យើងយូរអង្វែង។

សូមបញ្ជាក់ថាវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។

ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។

ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ៕