(ភ្នំពេញ)៖ ដោយមិនបង្អង់យូរឡើយ លោក ពេជ្រ ស្រស់ ​ប្រធានគណបក្សយុវជនកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមកពន្លះអតីតក្រុម គណៈកម្មការសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ដែលបានដឹកនាំដោយព្រះតេជគុណ បុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ព្រមទាំងអ្នកដែលចោទថា យុទ្ធនាការ​៣០ថ្ងៃ ជាការបោកប្រាស់ និងកេងចំណេញផ្នែកនយោបាយ។

តាមរយៈឃ្លឹមវីដេអូ នៅលើទំព័រ Facebook ផ្លូវការរបស់លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ការចេញមុខមកពន្លះខ្លាំងៗបែបនេះ បន្ទាប់ពីមានការលើកឡើងថា ការធ្វើយុទ្ធនាការ៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកា ដើម្បីសាង់សងចេតីយជូនសព លោកបណ្ឌិត កែម ឡី ជារឿងយកចំណេញនយោបាយ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

Facebook លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «លោក ពេជ្រ ស្រស់ ពន្លះអតីតក្រុមគណៈកម្មការសង់ចេតិយ លោកបណ្ឌិត កែម ឡី ដែលបានដឹកនាំដោយព្រះតេជគុណ បុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ព្រមទាំងពន្លះដល់អ្នកដែលបានចោទថា​ យុទ្ធនាការ​៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី គឺជាអំពើបោក​ប្រាស់ និងកេងចំណេញផ្នែកនយោបាយ»

សូមជម្រាបថា ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកា​ចូលរួមសាងសង់ចេតិយ៍ លោកបណ្ឌិត កែម ឡី បន្ទាប់ពីទទួលព័ត៌មានថា ក្រុមគ្រួសារបងប្អូន លោក កែម ឡី កំពុងខ្វះខាតថវិកា​ក្នុងការសាងសង់ចេតិយ៍នេះ។ យុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា នាថ្មីៗនេះប្អូនប្រុសលោក​បណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធីសិទ្ធ ក៏បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសាងសង់ចេតិយ៍ ជូនលោកបណ្ឌិតកែម ឡី។ ក្រោយការអំពាវនាវនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់​ចេតិយជូនសពលោកបណ្ឌិត កែម ឡី។

ថវិកាទាំង៥ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕