(ភ្នំពេញ)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយ លោក សំឌី ឌួងឌី (Somdy Douangdy) ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុឡាវ នាវិមានសន្ដិភាព។

លោក Somdy Douangdy បានសំដែងនូងការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែ​មានកំណើន។

លោក Somdy Douangdy ក៏បានគោរពរាយការណ៍ជូន សម្តេច ហ៊ុន សែន អំពីការដែលលោកបានជួបជាមួយទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការពិភាក្សាគ្នាយ៉ាងស្អិតរមួត ហើយតាមរយៈជំនួបនោះ ក៏បានបង្កើននូវទំនាក់ទំនងដ៏ល្អ រវាងក្រសួងទាំងពីរ គឺក្រសួងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុឡាវ។ ទន្ទឹមនឹងនេះ គឺរិតតែបង្កើននូវ ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំ រវាងនាយកដ្ឋាន និងនាយកដ្ឋាន នៃក្រសួងទាំងពីរផងដែរ។

លោក​​បានជំរាបជូន សម្តេចតេជោ​ផងដែរថា លោកបានចែករំលែក និងទទួលនូវបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ហើយក៏បានកត់សម្គាល់ឃើញថា ការគ្រប់គ្រង ហិរញ្ញវត្ថុនៅកម្ពុជាគឺបានល្អណាស់ ទាំងផ្នែកនយោបាយ និងការគ្រប់គ្រង។ ដោយបានទទួល​នូវបទពិសោធន៍យ៉ាងច្រើន ពីកម្ពុជាដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយ នៃការគ្រប់​គ្រងហិរញ្ញវត្ថុនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីលោក ថង លួនស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ជូនចំពោះ​សម្តេច និងបានសំដែងនូវអំណរគុណផងដែរ ដែលលោកបានចូលរួមអបអរសាទរនូវលទ្ធផល នៃការបោះឆ្នោតរបស់កម្ពុជា និងការវិវត្តរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលមិត្តឡាវទុកចិត្តកម្ពុជា លើការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងន័យនេះ សម្តេចតេជោ ក៏បានចែក​រំលែកនូវបទពិសោធន៍ផ្ទាល់ ក្នុងការគ្រប់គ្រងប្រទេសជាតិ ក៏ដូចជាការគ្រប់គ្រងប្រមូលពន្ឋ និងពង្រឹង​ប្រាក់ចំណូលថវិកាជាតិ។

​ជាមួយគ្នានេះដែរ គឺប្រទេសទាំងពីរ មានកិច្ចការសហការគ្នាជាច្រើនដែលត្រូវ​ពង្រឹង ដើម្បីផលប្រយោជន៍រួម៕