(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាល នឹងមិនប្រលែងដៃនោះឡើយ ក្នុងការលុបបំបាត់ជំងឺអេដស៍ ១០០% ក្នុងឆ្នាំ២០៣០ នៅកម្ពុជា យើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ទោះពេលនេះ យើងជោគជ័យ ក្នុងការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោកក៏ដោយ ។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ UNAIDS ស្តីពី ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសុខាភិបាល ។

រដ្ឋមន្ដ្រីបានថ្លែងទៀតថា «ក្រោមការខិតខំប្រឹងប្រែង ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល រួមនឹងដៃគូ អភិវឌ្ឍន៍មួយចំនួន ក្នុងការរួមគ្នាប្រយុទ្ធ នឹងជំងឺអេដស៍ បានជោគជ័យកន្លងមកនេះ យើងនឹងបន្ដ សម្រេចឲ្យបានជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះ ក្នុងទិសដៅ «៩៥-៩៥-៩៥ នៅឆ្នាំ២០២០ និងឲ្យបាន១០០% ឬលុបបំបាត់ទាំងស្រុង នៅឆ្នាំ២០៣០ ដោយត្រូវការពារ​ និងមិនត្រូវភ្លេចខ្លួននោះទេ ចំពោះមេរោគអេដស៍នេះ គឺយើងត្រូវការពារ​ ហើយបន្ដរុករក អ្នកផ្ទុកមេរោគអេដស៍បន្ថែម ចំពោះស្ដ្រីឬបុរស ដែលមានដៃគូរួមភេទច្រើន ដូច្នេះយើងត្រូវលើទឹកចិត្ដពួកគាត់ ឲ្យមកពិនិត្យរកមេរោគអេដស៍ មួយវិញទៀត យើងត្រូវរុករកទៅលើបុរស ជាមួយបុរស ហើយថែមទាំងមានជាមួយស្រី្ដបន្ថែមទៀត» ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេងបន្ដថា «លើសពីនោះ យើងនឹងខិតខំប្រឹងប្រែងរកគ្រប់វិធី ដើម្បីលុបបំបាត់វីរុស ឬមេរោគអេដស៍ ពីប្ដី ទៅប្រពន្ធ និងប្រពន្ធទៅកូន​ ពិសេសបើបុរស យើងអាចកាត់បន្ថយចំណង់បាន ឬពេលមានចំណង់ ត្រូវប្រើស្រោម ១០០ភាគរយ ពេលរួមភេទ នឹងអាចបំបាត់ជំងឺនោះ ហើយសម្រាប់អ្នកញៀនគ្រឿងញៀនវិញ ត្រូវប្រុងប្រយ័ត្នទៅលើការចាក់ថ្នាំផងដែរ»។ ដូនេះ ពេលដែលរករុករកឃើញអស់ហើយ យើងនឹងផ្ដល់ការការពារ និងឱសថភ្លាមៗដោយមិនទុកយូរនោះឡើយ»។

ទន្ទឹមនឹងនោះ ប្រធានអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏UNAIDS លោកស្រី វ្លាដានកា អានដ្រៀវ៉ា (Vladanka Andreeva) បានលើកឡើងថា « ពិតជាល្អប្រសើរណាស់ ដែលប្រទេសកម្ពុជា សម្រេចបានជោគជ័យ ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក្នុងចំណោមប្រទេសទាំងប្រាំពីរ រួមមាន៖ ប្រទេស បូស្វាណា, ដាណឺម៉ាក, អាយលែន, សិង្ហបុរី, ស៊ុយអែត និងអង់គ្លេស ។ ដូច្នេះ ដើម្បីលុបបំបាត់ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះ ក្នុងទិសដៅ «៩៥-៩៥-៩៥ នៅឆ្នាំ២០២០ យើងចូលរួមគ្នា ក្នុងការពារ និងផ្ដល់ឱសថ ដល់អ្នកមានមេរោគអេដស៍ ឲ្យទាន់ពេលវេលា បន្ទាប់ពីតេស្ដឈាមរួចនោះ »។

គួររម្លឹកថា កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅទីក្រុងប៉ារីស របស់រដ្ឋមន្ដ្រីម៉ម ប៊ុនហេង កាលពីថ្ងៃទី២០-២៣កក្កដា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តន៍ ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ គឺកម្ពុជា ទទួលបានការលើកសរសើរ ពីអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ ពីភាពជោគជ័យនៃការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក។

ទិសដៅ ៩០-៩០-៩០ ដែលត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានកំណត់ភាគរយ តាមដំណាក់កាល ៣ចំណុច រួមមាន៖

ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប។

ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ។

ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩០% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់ នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក៕