(ភ្នំពេញ)៖ ទីបំផុត! វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមានហើយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមការប្រកាសឱ្យប្រើប្រាស់ដោយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់របស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះ។

លោក សុខ ឥសាន បានបញ្ជាក់ថា «គោលបំណងនិងសំណូមពរនៃការធ្វើវិសោធនកម្មច្បាប់នេះ គឺសម្រាប់អនុវត្តចំពោះគ្រប់គណបក្សនយោបាយ ដែលមាននៅកម្ពុជា ស្របតាមសភាពការណ៍ថ្មីរបស់កម្ពុជា ក្នុងគោលបំណងតម្រង់ទិសឲ្យគ្រប់គណបក្សនយោបាយ គោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុវប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានប្រកាសឱ្យប្រើប្រាស់នាពេលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយទទួលស្គាល់ចំពោះសេចក្តីស្នើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថា ស្របតាមរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។

ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។

ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ៕