(ភ្នំពេញ)៖ ទីភ្នាក់ងារព័ត៌មាន Reuters ដ៏ល្បីលំដាប់ពិភពលោក បានដកស្រង់ទិន្នន័យពី​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដោយលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា អាចនឹងកើនឡើងក្នុងអត្រា ៧ភាគរយ នៅក្នុងឆ្នាំ២០១៧នេះ និងឆ្នាំ២០១៨ខាងមុខ។

លោក Jarkko Turunen ប្រធានដឹកនាំក្រុមការងារ IMF ធ្វើទស្សនកិច្ចនៅប្រទេស​កម្ពុជា បានប្រាប់ក្នុងសន្និសីទ​មួយថា «យើង​បានឃើញ​ការធ្លាក់ចុះមួយចំនួន នៃវិស័យវិនិយោគឯកជន ដែលវាមានជាប់ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ខ្លះ នៃការបោះឆ្នោត។ ប៉ុន្តែកំណើន​សេដ្ឋកិច្ច​ប្រទេសកម្ពុជា​នៅតែមានសន្ទុះ ដូចនឹងអត្រា ៧ភាគរយ ដែលសម្រេច​បានកាលពីឆ្នាំ២០១៦»

លោក Jarkko Turunen  បានបន្តទៀតថា ហានិភ័យនៅតែមានដូចជា កំណើនឥណទានជាមធ្យមប្រមាណ ៣០ភាគរ ​ពីមួយទៅមួយឆ្នាំ ដែលវាកំពុងតែផ្តោត សំខាន់​ខ្លាំងទៅលើវិស័យអចលនទ្រព្យ។ ដូច្នេះធនាគារជាតិ​នៃកម្ពុជា បានបោះជំហាន​ទៅរកការកាត់បន្ថយ​ហានិភ័យទៅលើ​ស្ថិរភាពហិរញ្ញវត្ថុ ក្នុងនោះរួមមាន ​តម្រូវការ​មូលធនអប្បបរមា​ក្នុងកម្រិតខ្ពស់ជាដើម។ ហេតុដូច្នេះលោក Jarkko Turunen បានអំពាវនាវឲ្យអាជ្ញាធរបន្តវិធានការ ដើម្បីកែលម្អទៅរកភាពរឹងមាំ និងដោះស្រាយភាពងាយរងគ្រោះនៃផ្នែកហិរញ្ញវត្ថុ៕