(ភ្នំពេញ)៖ មន្ត្រីក្រុមប្រឹក្សាសាលាខណ្ឌឬស្សីកែវមួយចំនួន ដែលមកពីគណបក្សប្រឆាំង (CNRP) មានឱកាស និងសេរីភាពគ្រប់គ្រាន់ ក្នុងការបញ្ចេញមតិលើកឡើង ពីបញ្ហាប្រឈមនានា ដែលជាតម្រូវការចាំបាច់ និងត្រូវដោះស្រាយជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ និងដើម្បីស្នើសុំឲ្យប្រធានក្រុមប្រឹក្សាខណ្ឌ ក៏ដូចជាគណៈអភិបាលខណ្ឌ មកពីគណបក្សប្រជាជនកម្ពុជា (CPP) បានធ្វើការកែតម្រូវឡើងវិញ លើបញ្ហាវេជ្ជមាន និងអវេជ្ជមាន ក្នុងន័យរិះគន់ដើម្បីស្ថាបនាឲ្យកាន់តែមានភាពប្រសើរឡើង ដែលអាចទទួលយកបាន។

ជាក់ស្ដែងនាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលាខណ្ឌឫស្សីកែវ មានបើកកិច្ចប្រជុំក្រុមប្រឹក្សា ដ៏មានសារសំខាន់មួយ ក្នុងមួយខែម្ដង ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ លោក វ៉ាន់ សាលី អភិបាលរងខណ្ឌ២រូប គឺលោក លីន ញ៉ក់ និងលោកស្រី លី រ៉ូហ្សាមី តំណាងលោក ជា ពិសី អភិបាលខណ្ឌ នាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ លោកនាយករង រួមនិងសមាសភាពមន្ត្រីមកពីតាមបណ្ដាការិយាល័យ ចំណុះជុំនាញជុំវិញខណ្ឌ លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់ទាំង៧ ក្នុងនោះមកពីគណបក្សប្រឆាំង៥សង្កាត់ និងមេភូមិផងដែរ ដើម្បីផ្ដល់ទាំងឱកាស និងសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ លើកឡើងពីបញ្ហាប្រឈមនានា ដែលត្រូវចូលរួមពិភាក្សាពិគ្រោះប្ដូរយោបល់ដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយរិះគន់ក្នុងន័យស្ថាបនា ក្នុងមូលដ្ឋាន។   

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខាងលើនេះ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានណែនាំឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីក្រុមប្រឹក្សា ចាំបាច់ត្រូវលើកឡើង ពីបញ្ហាវេជ្ជមានក្ដី ឬអវេជ្ជមានក្ដីដោយផ្ដោតសំខាន់លើបញ្ហាប្រឈមផ្សេងៗ ដែលជាតម្រូវការចាំបាច់ និងត្រូវតែដោះស្រាយឲ្យទាន់សភាពការណ៍ជូនប្រជាពលរដ្ឋ។

លើសពីនេះមន្ត្រីក្រុមប្រឹក្សាមួយចំនួន បានលើកឡើងពីបញ្ហាបរិស្ថាន សំរាម បញ្ហាការកកស្ទះពីប្រព័ន្ធលូ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាផ្ដល់លិខិតស្នាម ជូនប្រជាពលរដ្ឋ បញ្ហាគ្រប់គ្រងប្រជាពលរដ្ឋ បញ្ហាគ្រឿងញៀន ដែលបង្កឡើងពីល្បែងស៊ីសង «ហ្គេមបាញ់ត្រី» បញ្ហាតាមដេប៉ូខ្សាច់ ដែលបង្កដោយរថយន្ដដឹកដី បញ្ហាប្រជាពលរដ្ឋចំណាក់ស្រុក បញ្ហាការថែទាំផ្លូវ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឲ្យប្រធានក្រុមប្រឹក្សាខណ្ឌ ក៏ដូចជាតំណាងអភិបាល នៃគណៈអភិបាលខណ្ឌ រកដំណោះស្រាយជូន។

លើសពីនេះទៀត អភិបាលរងខណ្ឌ លោក លីន ញ៉ក់ តំណាងអភិបាលខណ្ឌ លោក ជា ពិសី ក៏បានលើកឡើងផងដែរថា លោកនឹងទទួលយកបញ្ហាមួយចំនួន ចំពោះកត្តាឆ្លើយប្រឈមខាងលើ ដែលជាតម្រូវការចាំបាច់ ត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យទាន់សភាពការណ៍ ដោយជម្រុញឲ្យមន្ត្រីតាមការិយាល័យ និងនាយក នាយករង ដែលទទួលតាមជំនាញមួយៗ សំខាន់ ធ្វើយ៉ាងណាត្រូវតែចូលរួមដោះស្រាយឲ្យបាន ឲ្យតែរិះគន់ ក្នុងន័យស្ថាបនាក្នុងមូលដ្ឋាន៕