(សៀមរាប)៖ ក្រសួងទេសចរណ៍ រួមនិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយមានការបណ្ដុះបណ្ដាល ពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ុល ឌុលប្រ៊ុល នៅខេត្តសៀមរាប សិស្សានុសិស្សចំនួនសរុប៣១៥នាក់ ក្នុងនោះមាន ស្ត្រី១៧១នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានទទួលវិញ្ញាបនបត្រវិជ្ជាជីវៈ ក្របខ័ណ្ឌគុណវឌ្ឍិអាស៊ាន ជំនាន់ទី១៥ សម្រាប់ឆ្នាំ២០១៦-២០១៧ ដោយជោគជ័យ។

លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត លោក អូស្វាល ភិតល័រ តំណាងលោកព្រឹទ្ធាចារ្យស្ថាបនិក ប៉ុល ឌុលប្រ៊ូល និងលោកស្រី ហែល ហ្គាណាហ្គី នាយិកាសាលា ប៉ុល ឌុលប្រ៊ូល បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវឌ្ឍិអាស៊ាន ជំនាន់ទី១៥ និងវត្តមានចូលរួមពីអស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ៥០០រូប។

លោកស្រី ហែល ហ្គាណាហ្គី បានថ្លែង នៅក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រថា ក្នុងរយៈពេលមួយឆ្នាំនៃការសិក្សានេះ យើងបាន​ទទួលនូវ ទាំងភាពជោគជ័ រួមជាមួយ និងបញ្ហាប្រឈមជាច្រើនផងដែរ ទៅជាយ៉ាងណានៅថ្ងៃនេះយើងទទួល​បាននូវលទ្ធផលដែលជា​ផ្លែផ្កាដែលបានកើត ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា រហូតបានសម្រេចតាមបំណងប្រាថ្នារបស់យើងគ្រប់ៗគ្នា ប្រកបដោយមោទនភាព ដែលសាលា ប៉ុល ឌុលប្រ៊ូល បានចូលរួមចំណែក ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ។

លោកស្រី ហែល ហ្គាណាហ្គី បានបន្តថា ហើយយើងគ្រប់គ្នា នឹងក្លាយជាអ្នកការទូត ក្នុងការចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើននូវគុណភាព និងប្រសិទ្ធភាព នៃវិជ្ជាជីវៈក្របខ័ណ្ឌគុណវឌ្ឍិអាស៊ាន ខាងវិស័យបដិសណ្ឋាកិច្ច និងទេសចរណ៍ និយាយជារួមអ្នកគ្រប់គ្នា គឺមានសំណាងបំផុត ដែលបានកើត និងរស់នៅលើប្រទេសដ៏មហាអស្ចារ្យ ពោរពេញដោយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងសម្បូរទៅដោយមហាប្រាង្គប្រាសាទបូរាណ ដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ នៃយើងគ្រប់គ្នា ។ ហើយសូមចងចាំថា ស្នាមញញឹមរបស់អ្នកទាំងអស់គ្នា គឺជាមន្តស្នេហ៍ ដែលធ្វើឲ្យភ្ញៀវទេសចរទូទាំងពិភពលោក ដែលបានមកទស្សនាកម្ពុជា មិនអាចភ្លេចបានឡើយ។

លោក អូស្វាល ភិតល័រ បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ យើងគ្រប់គ្នាពិតជាមានមោទនភាពណាស់​ដែលបានចូលរួម​ចំណែកក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព នៃវិជ្ជាជីវៈ ខាងបដិសណ្ឋាកិច្ច សណ្ឋាគារ និងទេសចរណ៍ ដែលសាលា ប៉ុល ឌុលប្រ៊ូល បានព្យាយាម ខិតខំប្រឹងប្រែង ព្រោះលោកព្រឹទ្ធាចារ្យស្ថាបនិក ប៉ុល ឌុលប្រ៊ូល យល់ឃើញថា ការបណ្ដុះបណ្ដាលចំណេះ ជំនាញ និងវិជ្ជាជីវៈ ខាងបដិសណ្ឋាកិច្ច សណ្ឋាគារ និងទេសចរណ៍ សម្រាប់យុវជន និងប្រជាជនកម្ពុជា គឺជាកត្តាដែលមិនអាចខ្វះបានឡើយ។

លោក អូស្វាល ភិតល័រ បានបន្តថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «មាសបៃតង និងជាការនាំចេញ នៅនឹងកន្លែង» ដោយបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការបង្កើត ប្រាក់ចំណូលជូនជាតិ បង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ទេសចរណ៍ក៏បានចូលរួមចំណែកលើកកម្ពស់ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ប្រទេស ចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅភពផែនដី ព្រមទាំងទ្រទ្រង់ការអភិវឌ្ឍ ប្រកបដោយនិរន្តភាព។

សូមបញ្ជាក់ផងដែរថា ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវទេសចរណ៍កម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន៥% នាំចំណូលចូលជាតិប្រមាណ៣៤០០លានដុល្លារ ស្មើនឹង១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់
ប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១៣% នៃការងារសរុប។ ប្រាំខែដើមឆ្នាំ២០១៧ កម្ពុជា ទទួលបានទេសចរណ៍អន្តរជាតិ ប្រមាណ២.២៨លាននាក់ កើនឡើង១២.៥% ធៀបនឹងឆ្នាំ២០១៦។ ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត១លាននាក់៕