(ភ្នំពេញ)៖ ឆ្លើយ​តប​នឹង​ការ​សម្រេច​បង្កើត​ក្រុម​អធិការ​កិច្ច ​​ដើម្បី​ស៊ើបអង្កេត​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី ​និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​របស់​លោក​មេធាវី​ ពុធ​ ធាវី​ កាលពី​ល្ងាច​ម្សិលមិញ​ នៅ​ថ្ងៃទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ​ លោក​មេធាវី​ ពុធ​ ធាវី​ អះអាងថា​ លោក​ពេញ​ចិត្ត​អនេក​ចំពោះ​ចំណាត់​ការ​នេះ​ និង​ត្រៀម​បង្ហាញ​ភស្តុតាង​ទាំង​ឡាយ​ជូន​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ ។

ការ​ថ្លែង​របស់​លោក​មេធាវី​ពុធ​ ធាវី​ គឺ​ ធ្វើ​ឡើង​ បន្ទាប់​ពី​ ​ គណៈមេធាវី​សម្រេច​បង្កើត​ក្រុម​អធិការ​កិច្ច​មួយ​ដើម្បី​ស៊ើបអង្កេត​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី ​និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​របស់​លោក​មេធាវី​ ពុធ​ ធាវី​ តាម​លិខិត​របស់​សាលាដំបូង​ និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ ។​ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​ គឺ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ។

លោក​មេធាវី​ ពុធ​ ធាវី​ អះអាងថា​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News ថា​ លោក​សប្បាយ​ចិត្ត​ជា​អនេក​ដែល​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ បាន​សម្រេច​បង្កើត​ក្រុម​អធិការ​កិច្ច​ចុះ​ធ្វើ​កិច្ចការ​ករណី​លោក​ ហើយ​លោក​រង់ចាំ​បំភ្លឺ​ និង​បង្ហាញ​ភស្តុតាង​ជូន​ក្រុម​អធិការ​។

លោក​មេធាវី​ លើក​ជា​ឧទាហរណ៍​ថា​ «រឿង​អយុត្តិធម៌​ត្រូវ​តែ​មាន​ការ​តស៊ូ​ ដើម្បី​រក​ឲ្យ​ឃើញ​អយុត្តិធម៌​វិញ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ប្រៀប​ន័យ​ថា​ អ្នក​បាញ់​អាប៉ោង​មាន​២នាក់​ មេ​អាប៉ោង​ម្នាក់​បាញ់​ហើយ​ យក​ផ្តិល​មក​គ្រប​ រីឯ​មេ​អាប៉ោង​ម្នាក់​ទៀត​បាញ់​ហើយ​យក​កញ្ច្រែង​មក​គ្រប​»

គួរ​បញ្ជាក់​ថា​ លោក​ យឹម​ សារី​ អ្នក​នាំពាក្យ​គណៈមេធាវី​ ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ថា​ ជា​លទ្ធផល​គណៈមេធាវី​សម្រេច​បង្កើត​ក្រុម​អធិការ​កិច្ច​មួយ​ដើម្បី​ស៊ើបអង្កេត​ករណី​នេះ​។​ អ្នក​នាំពាក្យ​គណៈមេធាវី​រូប​នេះ​ អះអាង​ថា​ «ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ សម្រេច​ឲ្យ​អធិការ​កិច្ច​អង្កេតសិន​បានលទ្ធផលទើបសម្រេចជាក្រោយ​»។​ សម្រាប់​សមាសភាព​ មេធាវី​រូប​ណា​ជា​ប្រធាន​ក្រុម​អធិការ​កិច្ច​វិញ​ លោក​មេធាវី​ យឹម​ សារី​ បញ្ជាក់​ថា​ «មិន​ទាន់​សម្រេច​ទេ​ រង់ចាំ​សេចក្តី​សម្រេច​របស់​ប្រធាន​សិន​»​។​

លោក​មេធាវី​ ពុធ​ ធាវី​ ធ្លាប់​បាន​​ស្នើ​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ​ ពិនិត្យ​ពាក្យ​ស្នើ​នេះ​ឲ្យ​បាន​ម៉ត់ចត់​បន្តិច​ ព្រោះ​វា​ខុស​នឹង​អង្គហេតុ​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​។

សារ​សម្លេង​តាម​បណ្ដាញ​សង្គម​ Line ផ្ញើ​ជូន​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News លោក​មេធាវី​ ពុធ​ ធាវី​ អះអាងថា​ លោក​បាន​ពិនិត្យ​ខ្លឹមសារ​លិខិត​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​ រួច​ហើយ​ ។​ ហើយ​លោក​ពេញ​ចិត្ត​និង​រីករាយ​ នឹង​ចូល​បំភ្លឺ​ជូន​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ អំពី​ករណី​នេះ​។​ លោក​បានសង្កត់​ធ្ងន់​ថា​ គ្រាន់​តែ​អន្តរាគមន៍​ជូន​កូន​ក្តី​មាន​ទោស​ដែរ​ យើង​ជា​មេធាវី​គួរ​លាលែង​ពី​មេធាវី​ ទៅ​លក់​ត្រី​ងៀត​ លក់​គុយទាវ​តាម​ផ្សារ​វិញ​។

គួរ​បញ្ជាក់​ថា​ នៅក្នុងលិខិតរប​ស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់លោកមេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ទាក់ទងនឹងការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។​

ការស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី និងស្នើចាត់វិធានការដាក់ទណ្ឌកម្មវិន័យ ធ្វើឡើងបន្ទាប់ពីលោកមេធាវី ពុធ ធាវី និងកូនក្តីជាច្រើនរូប បាននាំគ្នាធ្វើសន្និសិទកាសែតជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ និងក្រោយពីបែកធ្លាយឯកសារសំងាត់មួយលើកិច្ច ព្រមព្រៀងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ៕