(ព្រះសីហនុ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅចំពោះកម្មករ-កម្មការិនីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកម្មករនិយោជិត ទាំងនៅក្នុង និងក្រៅប្រទេស និងបានដំឡើងប្រាក់ខែជូនពួកគេរៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេ និងស្បែកជើងបានឡើងដល់១៥៣ដុល្លារ។

លោកថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ៥០០នាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ របស់បងប្អូនកម្មករ និយោជិតគ្រប់ទីកន្លែង ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស»។

លោកបន្តថា រាជរដ្ឋាភិបាលបានបង្កើតសមិទ្ធផលធំៗជាច្រើន ហើយបានយកចិត្តទុកដាក់ខ្ពស់ដល់កម្មករ-កម្មការិនី ការយកចិត្តទុកដាក់នេះ បានទាក់ទាញអ្នកវិនិយោគទុនមកបង្កើតរោងចក្រ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន នៅតាមបណ្តាលខេត្តនានា ជាក់ស្តែងតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ជាតំបន់ដែលមានរោងចក្រដែលគោរពសិទ្ធិកម្មករ វិទ្យាស្ថានបណ្តុះបណ្តាលដែលមានការទទួលស្គាល់ជាអន្តរជាតិ និងលំនៅដ្ឋាន ព្រមទាំងខ្សែចង្វាក់ផលិតកម្មយ៉ាងមមាញឹក។

គួរបញ្ចាក់ថា ប្រាក់ឈ្នួលអប្បរមាត្រូវបានដំឡើងជាបន្តបន្ទាប់ពី ៨០-១៥៣ដុល្លារ ក្នុងឆ្នាំ២០១៧ ក្រោមយន្តការត្រីភាគី ដោយមិនទាន់បូករួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនោះទេ ហើយរាជរដ្ឋាភិបាលក៏បានបញ្ចុះតម្លៃអគ្គីសនី ទឹកស្អាត បង្កើតច្បាប់មិនឲ្យឡើងថ្លៃជួលផ្ទះ បង្កើតរបបគ្រោះថ្នាក់ការងារ និងរបបថែទាំសុខភាពផងដែរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកំពុងពង្រីករបបនេះទៅមន្ត្រីរាជការ ព្រមទាំងរៀបចំរបបចូលនិវត្តន៍ សម្រាប់កម្មករធ្វើយ៉ាងណាឲ្យពួកគេទទួលបានអត្ថប្រយោជន៍ដូចគ្នាទៅនឹងមន្ត្រីរាជការ។

គួររំឭកថា ក្រសួងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសផ្តោតការយកចិត្តទុកដាក់ជាចម្បង លើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះ ក្នុងនោះការគាំពារស្ត្រីមានផ្ទៃពោះជាការងារអាទិភាព ដែលនឹងត្រូវអនុវត្តមុនគេក្នុងក្របខណ្ឌនេះ។

ក្រសួងទើបតែបានអនុម័តផែនការសកម្មភាព សម្រាប់ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ ឆ្នាំ២០១៧-២០១៩ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្ដល់ដល់កម្មករផ្ទាល់ក្នុងការបង្កើតការចូលរួម ឬមិនចូលរួមជាមួយសហជីពក្នុងការធ្វើកូដកម្ម ឬមិនចូលរួមជាសិទ្ធកម្មករ ហើយបច្ចុប្បន្នក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីនីតិវិធីដោះស្រាយវិវាទការងារ។

លោកបានអំពាវនាវដល់និយោជក ថៅកែរោងចក្រ បន្តការយកចិត្តទុកដាក់អនុវត្តច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីសហជីព ហើយលោកបានផ្តាំផ្ញើឱ្យកម្មករនិយោជិតទាំងអស់ ត្រូវខិតខំបំពេញការងារ គោរពច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រនីមួយៗ ព្រមទាំងថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងដែរ៕