(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ចិនមួយ គឺក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធើប្រាយ លីមីធីត លើការត្រួតពិនិត្យការបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការ និងពន្លត់អគ្គិភ័យ នៅតាមគោលដៅ និងសំណង់វិស្វកម្មនានា។

ការចុះកិច្ចព្រមព្រៀង ត្រូវបានធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ រវាងនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ តំណាងក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធើប្រាយ លីមីធីត និងមានការចូលរួមពី មន្ដ្រីនគរបាលជាន់ខ្ពស់ពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

ការចុះកិច្ចព្រមព្រៀងនេះ មានទឹកប្រាក់ក្នុងគម្រោងប្រមាណជាង២០ម៉ឺនដុល្លារ ដែលមានគោលបំណងកម្ពស់ប្រសិទ្ធភាពការបង្ការ និងការពន្លត់អគ្គិភ័យ សំដៅធានាការការពារអាយុជីវិតទ្រព្យសម្បត្តិ បរិស្ថាន ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ សុវត្ថិភាពសង្គម។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ សហប្រតិបត្តិការក្នុងការពង្រឹង ពង្រីកសេវាកម្មត្រួតពិនិត្យ ការបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការ និងពន្លត់អគ្គិភ័យនៅតាមគោលដៅ និងសំណង់វិស្វកម្មនានា ឲ្យស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេស ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ ប្រកបដោយគុណភាពខ្ពស់។

សូមជម្រាបថា ក្រៅពីចុះកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធើប្រាយ លីមីធីត ក៏បានផ្ដល់នូវ អាវពន្លត់អក្គិភ័យ២០០អាវ, មួក២០០, ស្បែកជើងកវែង២០០, ខ្សែក្រវាត់២០០, ម៉ាស៊ីនបញ្ជូលខ្យល់ (FCBA)១០គ្រឿង និង​ឡាន២គ្រឿងផងដែរ៕