(ប៉ៃលិន)៖ លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កើត សុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរសាទរ បុណ្យរុក្ខទិវា ជំរុញឲ្យមានការដាំកូនឈើឡើងវិញ សម្រាប់ជាគុណប្រយោជន៍ដល់ សង្គមជាតិ ក្នុងនោះកូនឈើប្រណិតជិត៣៥០០០ដើម ត្រូវបានយកទៅដាំក្នុងទំហំដី ៣៨,០៧៦ហិចតា ស្ថិតនៅក្នុងបរិវេណ វត្តប្រាសាទ ស្រះកណ្តាលខ្ចាស់ ​ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ខេត្ត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើសំដៅធានា ឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថានសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន ក៏ដូចជាសម្រាប់អនាគត់ផងដែរ។

លោក កើត សុធា បានថ្លែងថា «ព្រៃឈើបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់មនុស្សយើងហើយបើគ្មានព្រៃឈើទេនោះ គឺធ្វើឱ្យអាកាសធាតុ មានការប្រែប្រួលខ្លាំង រដូវកាលមិនទៀងទាត់ បង្កជាគ្រោះធម្មជាតិផ្សេងៗ ដូចជាអាកាសធាតុក្តៅខ្លាំងខ្វះខាតទឹកប្រើប្រាស់ ទឹកជំនន់ ព្យុះ-ភ្លៀង ខ្យល់កន្រ្តាក់ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ ដូច្នេះយើងទាំងអស់គ្នា ត្រូវបំផុសស្មារតី ស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដុះ ថែរក្សាការពារ អភិរក្សព្រៃឈើ គឺជាកតព្វកិច្ចរបស់យើងទាំងអស់គ្នាជាពិសេសចូលរួមទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើចំការហើយត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដើម្បីឱ្យខេត្តរបស់យើងមានពណ៌ប៉ៃតងស្រស់ខ្យល់អាកាសល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត។

លោក កើត សុធា បានបន្តថា ជាច្រើនឆ្នាំមកនេះយើងបាននាំគ្នាដាំដើមឈើបានច្រើនណាស់ តែជាលទ្ធផលដើមឈើជាច្រើនត្រូវបានងាប់ ទៅវិញដោយកត្តាផ្សេងៗ ដូច្នេះយើងត្រូវរួមគ្នាកែរប្រែឥរិយាបទនេះ ដោយត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដាំ ការថែទាំ ដើមឈើរបស់យើង ឱ្យរស់រានមានជីវិតធំលូតលាស់បានល្អ។

លោកគ្រូ ស៊ិន វុធធឿន នាយកសាលាបឋមសិក្សាបឹងព្រលឹត បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធដែលបានផ្តល់ដើម ឈើគ្រប់ប្រភេទសម្រាប់ដាំនៅក្នុងបរិវេណសាលា និងតាមដងផ្លូវដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ ជាពិសេសការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា នេះឡើងគឺបានផ្តល់នូវការយល់ដឹងដល់សិស្សានុសិស្ស ស្តីពីគុណប្រយោជន៍របស់ព្រៃឈើ សម្រាប់ការរស់នៅក្នុងពេលបច្ចុប្បន្ន និងនៅពេលអានាគត។

លោក ឱម វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើខេត្តប៉ៃលិន បានឱ្យដឹងថា យោងតាមផែនទីគម្របព្រៃឈើឆ្នាំ២០១០ គម្របព្រៃឈើនៅក្នុងខេត្តប៉ៃលិន មានចំនួន៤៥៣៣៨ហិចតា គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តចំនួន៣៨០៧៦ហិចតា ហើយកូនឈើដែលបានយកមកដាំ និងចែកជូនប្រជាពលរដ្ឋនាពេលនោះសរុបមានចំនួន៣៥០០ដើម ក្នុងនោះមានដើម លឿងរាជ  ដើមក្ងោក ដើមត្របែកព្រៃ ដើមបេង គគីរ និងក្រញូង ដោយបានដាំតាមដង ផ្លូវជាតិលេខ៥៧ ចាប់ពីភូមិរថក្រោះឆេះ រហូតដល់ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះអភិបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ កងសម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តបទបញ្ជាររបស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពបំផុត ដោយរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ គ្រប់ជាន់ថ្នាក់ និងសូមឱ្យជនទាំងឡាយណា ដែលមានការពាក់ព័ន្ធ នូវទង្វើរំលោភច្បាប់ ស្តីពីព្រៃឈើត្រូវឈប់ជាបន្ទាន់៕