(ភ្នំពេញ)៖ លោក ជូ វិជិត្ត, លោក ហ៊ាន សាហីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំទទួលស្វាគមន៍ចំពោះលោក ស៊ុមឌី ដួងឌី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋប្រជាមានិតឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីស្វែងយល់អំពី កំណែទម្រង់និងទំនើបកម្ម គោលនយោបាយពន្ធ និងរដ្ឋបាលពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីសំណាក់ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក លោកស្រីអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ។

ជាកិច្ចចាប់ផ្តើម លោក ជូ វិជិត្ត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋប្រជាមានិតឡាវ ហើយបានបង្ហាញនូវក្តីសោមនស្សរីករាយ ក្នុងការចែកររំលែកបទពិសោធន៍ នៃការធ្វើកំណែទម្រង់ របស់អគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានធ្វើបទបង្ហាញជូនគណៈប្រតិភូជាន់ខ្ពស់ឡាវ ដោយបានលើកឡើងថា ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង តាមការណែនាំរបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលទ្ធផលជាច្រើន ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ហើយលទ្ធផលគួរជាទីមោទនៈ នៃការកែទម្រង់នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។

លោក គង់ វិបុល បានលើកឡើងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺមិនមានការដំឡើងអត្រាពន្ធ ឬបង្កើតប្រភេទពន្ធថ្មីឡើយ គឺមានតែពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលតែងតែមាន ការលើកទឹកចិត្តចំពោះការវិនិយោគលើ វិស័យកសិកម្ម វិស័យអប់រំ និងវិស័យអាទិភាពនានាផ្សេងទៀត រួមទាំងសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម។ គោលនយោបាយលើកទឹកចិត្តពន្ធ ជានិច្ចកាលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋ និងអាជីវករតូចតាច។

លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗជាច្រើន ជាពិសេសកំណើនចំណូលពន្ធចាប់តាំងពីឆ្នាំ២០១២ គឺតែងតែសម្រេចបានលើសផែនការ ហើយការប្រមូលចំណូលពន្ធបានកើនឡើង ជាមធ្យមប្រមាណ២០% ក្នុងមួយឆ្នាំ ដែលជាក់ស្តែងបានកើនប្រមាណពី៧៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១២ រហូតទទួលបានប្រមាណជាង១.៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦។

លោកបញ្ជាក់ទៀថា ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ ២០១៧ សម្រេចបាន ៤,៧៦៩.៦២ពាន់លានរៀល ស្មើនឹងប្រមាណជា ១,១៩២.៤លានដុល្លាអាមេរិក ត្រូវជា៦៩.៤៩% នៃផែនការកំណត់ដោយច្បាប់ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ២០១៦ មានការកើនឡើង ១,០៦០.២៥ ពាន់លានរៀល ស្មើនឹងប្រមាណជា ២៦៥.០៧ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ៣២.១៤%។

គួរបញ្ជាក់ថា សមិទ្ធិផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធដារ ដូចបានរៀបរាប់ខាងលើ គឺផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ ជាពិសេសការអនុវត្តនូវមុខងារប្រតិបត្តិការស្នូល ៥ រួមមានទី១៖ ការចុះបញ្ជីអ្នកជាប់ពន្ធ, ទី២៖ ការផ្តល់សេវាអ្នកជាប់ពន្ធ, ទី៣៖ ការចាត់ចែងលិខិតប្រកាស, ទី៤៖ ការធ្វើសវនកម្ម, និងទី៥៖ ការប្រមូលបំណុលពន្ធនិងបណ្តឹងតវ៉ា ព្រមទាំងមុខងារគាំទ្រ៣ រួមមាន ទី១៖ ការពង្រឹងការគ្រប់គ្រង និងរចនាសម្ព័ន្ធ, ទី២៖ ការគ្រប់គ្រងធនធានមនុស្ស, និងទី៣៖ បច្ចេកវិទ្យាព័ត៌មាន ហើយអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយន្តការសំខាន់ៗ០៤ សម្រាប់អនុវត្តរួមមានទី១៖ ការកែលម្អរដ្ឋបាលសារពើពន្ធ ជាពិសេសការធ្វើទំនើបកម្មព័ត៌មានវិទ្យាជាច្រើន ដែលសម្រេចបាននាពេលកន្លងមក, ទី២. ការពង្រឹងអភិបាលកិច្ចល្អ, ទី៣. ការកែលម្អគោលនយោបាយសារពើពន្ធ និងបទប្បញ្ញត្តិផ្សេងៗ, និងទី៤. ការពង្រឹងវប្បធម៌បង់ពន្ធ។

ក្នុងឱកាសនោះ លោក ស៊ុមឌី ដួងឌី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធន៍ នៃកំណែទម្រង់ និងទំនើបកម្មនៃគោលនយោបាយពន្ធ និងរដ្ឋបាលពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា។ បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសិក្សារៀនសូត្របន្ថែមទៀត អំពីកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ពិសេស ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានពន្ធដារ នៃប្រទេសទាំង២៕