(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសថា ពេលនេះ យ៉ាងហោចណាស់ មានខេត្តកម្ពុជាចំនួន៧ បាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានខេត្តចំនួន២ បានរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នារសៀលថ្ងៃសុក្រនេះ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការ ប្រតិបត្តិនៃ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងបញ្ជាក់ថា ខេត្តចំនួន៧ ដែលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង រួមមាន នៅខេត្តព្រះវិហារ, ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុ ជាដើម ប៉ុន្តែខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាតិគេ គឺខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍ដែលបង្ហាញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តព្រះវិហារ មានផ្ទះប្រជាពលរដ្ឋ ចំនួន៥៣០ខ្នង លិចដីស្រែ៤៨៧៨ហិកតា មានមនុស្សលង់ទឹកស្លាប់២នាក់ និងពលរដ្ឋ៤៨គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលមាន សុវត្ថិភាព។ ចំណែកឯខេត្តឧត្តរមានជ័យវិញ មានករណីលិចលង់ផ្ទះ ៧០២ខ្នង លិចដីស្រែ ១០៣២ហិកតា ប៉ុន្តែមិនទាន់មានរបាយការណ៍ អំពីពលរដ្ឋរងគ្រោះនៅឡើយទេ។

សូមបញ្ជាក់ថា រយៈពេល១សប្តាហ៍កន្លងទៅនេះ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា បានធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់ក៏បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវម្តង ហើយម្តងទៀត ឱ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងដៃគូនានា រួមទាំងសមាជិកសមាជិការគណបក្សប្រជាជនផង ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឱ្យទាន់ពេលវេលា។ សម្តេចក៏បានបង្គាប់ឱ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវបន្តឃ្លាំ តាមដានមើល បញ្ហាទឹកជំនន់នេះឱ្យបានដិត ដល់ ផងដែរ៕