(ព្រះសីហនុ)៖ អ្នកបើកបររថយន្តដឹកប្រេងម៉ាស៊ូតក្រុមហ៊ុន «LHR» ម្នាក់ បានស្លាប់គៀបជាប់រថយន្តរបស់ខ្លួនភ្លាមៗ ខណៈកំពុងបើកបរ បានបុកជាមួយរថយន្តកុងទីន័រមួយគ្រឿង ក្នុងទិសដៅស្របគ្នា ពីខេត្តព្រះសីហនុ ទៅភ្នំពេញ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២៖៤៥​នាទីរសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៧​នេះ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះ​ KM​151-152 ​ស្ថិតក្នុង​ភូមិ​/ឃុំសឹ្ទងឆាយ​ ស្រុក​កំពង់​សីលា​ ខេត្តព្រះ​សីហនុ​។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នក​បើកបរ​រថយន្ត​កុងទីន័រ បាន​រត់ខ្លួនភ្លាមៗបាត់ស្រមោល ចំណែកឯជនរងគ្រោះខាងលើនោះ សមត្ថកិច្ចមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ។

ភ្លាមៗនោះ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​៤០២ បានសហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាលស្រុកកំពង់សិលា​ ចុះទៅកនែ្លងកើតហេតុ​ ដើម្បីជួយសំរួលសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ៕