(ស្ទឹងត្រែង)៖ ​កាកសំណល់រាយប៉ាយលើចញ្ចើមផ្លូវ ហៀហូរមកលើផ្លូវទីសាធារណៈ ទល់មុខអង្គភាពរដ្ឋករទឹក ជាប់នឹងរបងខាងជើងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ជាក្តីកង្វល់មួយនៃការជះក្លិនស្អុយដល់អ្នកធ្វើដំណើរ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រស់នៅក្បែរនោះទៀតផង ដូច្នេះហើយទើបពួកគាត់ទទូចសុំឲ្យអាជ្ញាធរ ចាត់វិធានការតឹងរឹងចំពោះជនណា ដែលចូលចិត្តចោលសំរាមផ្ដេសផ្ដាស។

ដោយសង្កេតឃើញថា កាលពីកន្លងទៅថ្មីៗ សាលាខេត្តស្ទឹងត្រែង និងសាលាក្រុងស្ទឹងត្រែង មន្រ្តីរាជការជុំវិញខេត្ត បានធ្វើយុទ្ធនាការប្រមូលសំរាមតាមទីសាធារណៈ និងជុំវិញផ្សារខេត្តស្ទឹងត្រែង ដើម្បីជាការបំផុសដល់ប្រជាពលរដ្ឋ ឱ្យចេះទុកដាក់សំរាមយ៉ាងណានោះ ក៏ការបំផុសបំផុលមិនទាន់មានប្រសិទ្ធភាព ក្នុងការទុកដាក់កាកសំណល់ ឱ្យត្រឹមត្រូវ ដូចអ្វីដែលអាជ្ញាធរខេត្តចង់បាននោះឡើយ។

​អភិបាលក្រុងស្ទឹងត្រែង ធ្លាប់ប្រកាសណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋនៅជុំវិញផ្សារស្ទឹងត្រែង ជួយធ្វើយ៉ាងណា ឱ្យចេះប្រមូលសំរាមទុកដាក់ឱ្យបានត្រឹមត្រូវ កុំឲ្យរាយប៉ាយពាសវាលពាសកាល តែនៅមានជនមួយក្តាប់តូចនៅតែបង្កបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ តាមទីសាធារណៈ ធ្វើឱ្យខូចបរិស្ថាន ប៉ះពាល់ដល់សុខភាពថែមទៀតផង។

ទោះបីមានការលើកស្លាក់ណែនាំតាមកន្លែងនានា ពាក់ព័ន្ធទៅនឹងពាក្យថា «ហាមចោលសំរាម» ឬ «សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម» យ៉ាងណាក៏ដោយ ក៏នៅតែមានការចោលសំរាមនៅទីសាធារណៈដដែល។ តាមទិដ្ឋ​ភាពជាក់ស្តែង មិនសូវឃើញមានធុងសំរាមដាក់លើដងផ្លូវ ឬទីប្រជុំជននានាច្រើននោះទេ ដែលជាហេតុនាំឱ្យការចោលសំរាមរបស់ជនមួយក្តាប់តូច ចោលផ្ដេសផ្ដាសតាមឃឿន និងចិញ្ចើមផ្លូវនៅតែបន្តជាហូរហែ និងខ្លះទៀតចោលនៅកណ្តាលផ្លូវតែម្តង។

ប្រជាពលរដ្ឋលើកឡើងថា សាលាក្រុងគួរតែមានវិធានការរឹតបន្តឹងបន្ថែមទៀត លើការចោលកាកសំណល់យ៉ាងអានាធិបតេយ្យ ដោយមានអ្នកឃ្លាំមើល ធ្វើការផាកពិន័យធ្ងន់ធ្ងរទៅលើជនដែលចោលសំរាមគ្មានសណ្តាប់ធ្នាប់ ការចោលសំរាមនៅទីសាធារណៈម្តងៗ ដើម្បីឲ្យរៀងចាលកុំចេះតែចោលសំរាមប៉ាតណាប៉ាតណី ដែលធ្វើឱ្យខូចបរិស្ថានក្រុង។

លោក លី មីណា អភិបាលរងក្រុងស្ទឹងត្រែង បានឱ្យដឹងថា គាត់ទទួលស្គាល់លើបញ្ហាសំរាមនេះថា មានភាពអានាធិបតេយ្យមែន នេះដោយសាលាក្រុងខ្វះលទ្ធភាពជួលកម្មករបន្ថែមទៀត ដែលរាល់ថ្ងៃមានតែកម្មករ ១២នាក់ប៉ុណ្ណោះ ក្នុងការប្រមូលសំរាម ហើយប្រជាពលរដ្ឋក៏មិនចូលរួមក្នុងការវិចខ្ចប់សំរាម ចេះតែយកមកចោលតាមទីសាធារណៈ ដែលពួកគាត់គេចវេសពីការបង់លុយ លើសំរាមដែលមានរថយន្តសំរាមជាអ្នកប្រមូលតាមផ្ទះ។

លោកអភិបាលរងក្រុងបានបន្តថា ចំពោះការផាកពិន័យគឺយើងមានអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម ដែលក្នុងនោះមានការផាកពិន័យដល់ជនណា ដែលចោលសំរាមពាលវាលពាសកាល ដែលការពិន័យនេះ មិនមែនពិន័យត្រឹមតែ ២០ម៉ឺន ទៅ៤០ម៉ឺនរៀលនោះទេ គឺពិន័យជាប្រាក់រហូតដល់ ៤លានរៀនឯណោះ និងបញ្ជូនសំណុំរឿងទៅតុលាការថែមទៀតផង តែអនុក្រឹត្យនេះ ថ្នាក់លើឲ្យរងចាំសិន ពោលមិនទាន់ឱ្យអនុវត្តនៅឡើយទេ ទើបសាលាក្រុងអនុវត្តក្នុងការប្រមូលសំរាមទៅតាមលទ្ធភាព ​និងមានកម្រិត៕