(​ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់​ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹង​ថា ក្រុមហ៊ុនឆ្នោតផ្សងសំណាង «Lucky Dragon Lotto» ជាក្រុមហ៊ុន ធ្វើការប្រកួតប្រជែង ដោយភាពស្មោះត្រង់ និងផ្ដល់នូវលាភសំណាង យ៉ាងសុក្រិតយុត្តិធម៌ ចំពោះប្រជាជនកម្ពុជា​ទាំងមូល ខណៈដែលលោកសង្កេតឃើញថា ​រង្វាន់ធំជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានឈ្នះ និងប្រគល់ដល់ដៃប្រជាពលរដ្ឋាជាប្រចាំ។

ប្រធាននាយកដ្ឋានគ្រប់​គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់​ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះ គឺក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីសន្និសីទសារព័ត៌មាន ប្រគល់រង្វាន់ដល់អ្នកមានសំណាង ឈ្នះ​ឆ្នោត​នូវទឹកប្រាក់ប្រមាណជិត១៣ម៉ឺនដុល្លារអាមេរិក នៅភោជនីយដ្ឋានទន្លេបា​សាក់២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក​បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងបន្តទៀតថា ដោយសារតែប្រទេសជាតិ​ យើងមានសុខសន្តិភាព ទើបអ្នកវិនិយោគ មកធ្វើការបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ​កាន់តែច្រើនឡើង ដែលរាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជន ជាដៃគូយ៉ាងសំខាន់ ​ធានាបាននូវកំណើនសេដ្ឋកិច្ច ​ឈានដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន​កម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្រុមហ៊ុន «Lucky Dragon Lotto» បានសម្រេចចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាល ដែលមានសម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន រុងរឿង ​ពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។

ក្រោមហ៊ុន «Lucky Dragon Lotto» បានមកវិយោគលើវិស័យឆ្នោតផ្សងសំណាង ក្នុងប្រទេសកម្ពុជា​ តាំងឆ្នាំ២០១៣​មក ដែលរហូតមកដល់ពេលនេះ បានប្រហែលជាង៤ឆ្នាំហើយ ដោយក្រុមហ៊ុននេះ បោះទុនយ៉ាងច្រើន វិនិយោគលើផ្នែកឆ្នោតផ្សងសំណាង ​និងមានលោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោត​ នាគសំណាង។​

តំណាងពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុរូបនេះ​បាននិយាយថា ឆ្នោតផ្សងសំណាងនេះ មិនមែនជាល្បែងជាស៊ីសង ឬភ្នាល់គ្នានោះទេ គឺជាការផ្សងសំណាង ហើយរហូតមកដល់ម៉ោងនេះ ដែលអ្នកត្រូវរង្វាន់ធំ ទឹកប្រាក់រាប់សិបម៉ឺនដុល្លារ មានបួននាក់រួចមកហើយ។ អ្នកទី១ ទទួលបានជាង១៧ម៉ឺនដុល្លារ, អ្នកទី២ ជាង៣៨ម៉ឺនដុល្លារ, អ្នកទី៣ ជាង៥០ ម៉ឺនដុល្លារ និងអ្នកទី៤​ ​​ទទួលជិត១៣​ម៉ឺនដុល្លារ។ ​សព្វថ្ងៃនេះមាន១៤ក្រុមហ៊ុន ដែលវិនិយោគលើផ្នែកនេះ ១០​ក្រុមហ៊ុន កំពុងដំណើរការប្រកួត​ប្រជែងតាមតម្លាភាព ហើយ៤ក្រុមហ៊ុនទៀត​ កំពុងតែរៀបចំនិតិវិធីផ្ទៃក្នុង ដើម្បីបើកដំណើរការ។

សូមបញ្ជាក់ថា អ្នកឈ្នះឆ្នោត៦លេខ ក្នុងចំណោម៣៩លេខ ដែលបានត្រូវរង្វាន់ធំ នូវទឹកប្រាក់ ១២៩,១៩៨ ដុល្លារអាមេរិក គឺបានទៅលើលោក ​ឈួ តិច មានលំនៅដ្ឋាន​នៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយលោកជាពាណិជ្ជករមួយរូប ដោយមានក្រុមហ៊ុន​ផ្ទាល់។ ប៉ុន្តែលោកមិនបានបង្ហាញ​វត្តមានឡើង ដោយជាប់ភារកិច្ចចេញទៅក្រៅប្រទេស ដោយបានអញ្ជើញមេធាវីផ្ទាល់ របស់លោកជាអ្នកតំណាងមកជំនួស៕