(សៀមរាប)៖ ក្រោយចំណាយពេលប្រជុំ២ថ្ងៃ នៅក្រុងសៀមរាប ថ្នាក់ដឹកនាំនៃកិច្ចប្រជុំអាស៊ាន-ចិន​ ផ្នែកអភិវឌ្ឍន៍ជនបទរួមនឹងសមាជិក ប្រមាណ១០០នាក់ បានទៅបំពេញទស្សនកិច្ចភូមិធម្មជាតិរុនតាឯក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដំណើរទស្សនកិច្ចនេះ ត្រូវបានសហការរៀបចំដោយអាជ្ញាធរជាតិអប្សរា និងមន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានថ្លែងថា ការមកទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ពេលនេះគឺដើម្បី ឲ្យក្រុមប្រតិភូ បានស្វែងយល់អំពី គម្រោងអភិវឌ្ឍ ភូមិធម្មជាតិរុនតាឯក ដែលអាជ្ញាធរជាតិអប្សរា កំពុងតែរៀបចំអភិវឌ្ឍន៍ទាំងផ្នែកកសិកម្ម និងទេសចរណ៍ ក្នុងគោលបំណងលើកស្ទួយជីវភាព ប្រជាជនក្នុងមូលដ្ឋាន។

លោក ខេង ញ៉ុល បានបន្តថា ក្រុមប្រតិភូពិតជាពេញចិត្តនឹងការរៀបចំភូមិដ្ឋាននេះដែលមានសណ្តាប់ធ្នាប់ល្អ និងបរិស្ថានស្រស់ស្អាតគួរ ឲ្យទាក់ទាញ។ ជាពិសេស ពួកគាត់ពិតជារីករាយដែលបានចូលរួមដាំដើមឈើអនុស្សាវរីយ៍នៅភូមិនេះទៀតផងដែល ជាផ្នែកមួយជួយ បង្កើនគម្របព្រៃឈើនៅតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ ដែលអាចនឹងធ្វើឲ្យពួកគាត់ចង់វិលត្រឡប់មកទស្សនាលើកក្រោយៗ ទៀត។

លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានធ្វើបទបង្ហាញសង្ខេបជូនប្រតិភូ អំពីគោលបំណង នៃការបង្កើតភូមិធម្មជាតិរុនតាឯក ពិសេសការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរ និងការអភិវឌ្ឍភូមិធម្មជាតិនេះ ដោយផ្តោតសំខាន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួល និងចំណូលដល់ជីវភាព របស់ប្រជាពលរដ្ឋនៅទីនេះ។

ជាមួយគ្នានេះលោក ក៏បានអំពាវនាវដល់គ្រប់បណ្តាប្រទេសអាស៊ាន ចិន ដើម្បីចូលរួមចំណែកលើការអភិវឌ្ឍភូមិធម្មជាតិនេះតាម គ្រប់មធ្យោបាយ ដែលអាចជួយបានដើម្បីអភិវឌ្ឍភូមិធម្មជាតិនេះឲ្យកាន់តែរីកចម្រើនជាពិសេស គឺការអភិវឌ្ឍផ្នែកកសិកម្ម និងទេសចរណ៍ ដែលជាគោលដៅដ៏សំខាន់ នៃគម្រោងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការទស្សនាភូមិដ្ឋានប្រជាពលរដ្ឋ និងគម្រោងផ្សេងៗ ក្រុមប្រតិភូក៏បានទិញទំនិញធម្មជាតិ របស់អ្នកភូមិដូចជា បន្លែធម្មជាតិតែម្ជូរល្មម និងផលិតផលផ្លែម្រុំជាដើមដែលជាផលិតផលផ្ទាល់ របស់អ្នកភូមិជាផលិតធម្មជាតិ គ្មានជាតិគីមី៕