(ត្បូងឃ្មុំ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសពីជំនន់ទឹកទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កំពស់១៣.៨០ ម៉ែត្រ បណ្ដាលឲ្យទឹកលិចចូលតំបន់ជាភូមិឋានរបស់ប្រជាពលរដ្ឋមួយចំនួន នៅស្រុកត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្តញសង្គម Facebook។

ក្រសួងធនធានទឹក បានឲ្យដឹងថា តំបន់មួយចំនួនក្នុងស្រុកត្បូងឃ្មុំ ដែលបានរងការខូចខាតរួមមាន៖ លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិទួលគរ និងភូមិព្រែកតូច ក្នុងឃុំទន្លេបិត ប្រមាណ៤៥ % នៃចំនួនខ្នងផ្ទះសរុប, លិចផ្នែកខ្លះនៃសាលាបឋមសិក្សាព្រែកជីក ក្នុងឃុំទន្លេបិត និងសាលាបឋមសិក្សារកាធំ ក្នុងឃុំជំរោទ៍១, លិចផ្លូវបេតុង ចំនួន ០៣ កន្លែង សរុបប្រវែងប្រមាណ២,៥០០ ម៉ែត្រ ក្នុងឃុំទន្លេបិត និងឃុំជំរោទី១។

តែយ៉ាងណាក៏ដោយកាលពីព្រឹកមិញលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News សម្រាប់ជំនន់ទឹកភ្លៀងដែលបាន​និងកំពុងវាយលុកខេត្តចំនួន៣ គឺខេត្តកំពត ខេត្តព្រះវិហារ​ និងខេត្តឧត្តរមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានធូរស្រាលច្រើនហើយ ខណៈដែលទឹកទន្លមេគង្គ នឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដែលអាចឡើងដល់ក្នុងកម្រិតឲ្យមានការប្រុងប្រយ័ត្ន។

លោក ចាន់យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទិននឹងជំនន់ទឹកភ្លៀងនៅពេលនេះ គឺខេត្តកំពត ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺបានធូរស្រាលច្រើនមែនទែនហើយ ហើយអាងទឹកតាម៉ុក (ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) មកដល់ព្រឹកមិញនេះទឹកបានស្រក ក្រោមកម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន​ លើកលែងនៅតែ ខេត្តកំពង់ធំ ដែលទឹកហូរមកពីស្ទឹងសែន ដែលប៉ះពាល់ចុងក្រោយគេ»

អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ទឹកជំនន់ទន្លេមេគង្គ និងបន្តឡើងមួយថ្ងៃពីរទៀត ហើយសម្រាប់ខេត្ត២ នៅភាគខាងលើគឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺទឹកអាចឡើងដល់កម្រិតមានការប្រកាសប្រុងប្រយ័ត្ន ប៉ុន្តែមិនដល់កម្រិត នៃការប្រកាសអាសន្នឡើយ ហើយសម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទឹកនឹងបន្តឡើងពី៣ទៅ៤ថ្ងៃទៀត ហើយវានឹងឡើងដល់ជិតកម្រិតឲ្យប្រកាស នៃការប្រុងប្រយ័ត្ន។

ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុវិញត្រូវបានលោក ចាន់ យុត្ថា អះអាងបន្ថែមថា ពុំមានបញ្ហាថែមទៀតឡើយ ទាំងនៅកម្ពុជារបស់យើង និងផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ដោយសារតែពុំមានភ្លៀងធ្លាក់ដែលបង្កឲ្យមានភ្លៀងធ្លាក់ក្លាយជាទឹកជំនន់ឡើងវិញនោះទេ៕