(ឧត្តរមានជ័យ)៖ ក្រោយពេលភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា នាពេលប៉ុន្មានថ្ងៃមកនេះ ផ្ទះប្រជាពលរដ្ឋចំនួន ១១៤ខ្នង និងស្រែចម្ការជាង ១ពាន់ហិចតា នៅស្រុកអន្លង់វែង និងផ្ទះប្រជាពលរដ្ឋ២១៨ខ្នងទៀត នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានជំនន់ទឹកភ្លៀងជន់លិចលង់ជាបន្តបន្ទាប់ដែរ ហើយអាជ្ញាធរខេត្ត កម្លាំងជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏កំពុងចេញអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរងគ្រោះផងដែរ។

លោក ហោជិន វរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានឱ្យដឹងថា ត្រឹមតែរយៈពេល២ថ្ងៃ និង១យប់ប៉ុណ្ណោះ ជំនន់ទឹកភ្លៀងបានហូរធ្លាក់ ទៅដល់ស្រុកអន្លង់វែង បណ្ដាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋអស់ចំនួន ១១៤ខ្នង និងលិចលង់ផលដំណាំក្នុងស្រែចម្ការអស់ចំនួន ១,៣០២ហិចតា ចំណែកផ្លូវថ្នល់ប្រវែង ៣,១៣០ម៉ែត្រ និងទំនប់ស្តុកទឹកប្រវែង ២០០ម៉ែត្រ ក៏រងការលិចលង់ផងដែរ។

លោកបន្តថា ជំនន់ទឹកភ្លៀងនេះ ក៏បណ្ដាលឲ្យលិចលង់សាលារៀនចំនួន ១ខ្នង ស្ថិតនៅក្នុងឃុំថ្លាត ស្រុកអន្លង់វែង ជាហេតុធ្វើឲ្យសិស្ស ជាប់ក្នុងសាលារៀន មិនអាចត្រលប់ទៅផ្ទះវិញបាន អស់រយៈពេល២ថ្ងៃផងដែរ។ ដោយឡែកនៅស្រុកត្រពាំងប្រាសាទឯណោះវិញ ក៏ទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងផងដែរ ក្នុងនោះមានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២១៨ខ្នង ត្រូវបានលិចលង់ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ ដែលបានបង្ហាញនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ស្ថានភាពទឹកក្នុងបឹងតាម៉ុក ក្នុងស្រុកអន្លង់វែង បានស្រកចុះមកត្រឹមតែ ៣.៨០ម៉ែត្រ ពោលស្រុតចុះបាន ០.៣០ម៉ែត្រហើយ តែទោះបីជាយ៉ាងណា ក្រុមមន្រ្តីជំនាញរបស់ក្រសួងធនធានទឹក នៅតែបន្តសកម្មភាពអន្តរាគមន៍យ៉ាងមមាញឹក ដើម្បីបញ្ចៀសផល ប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះផងដែរ។

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជំរុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេញអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានរងគ្រោះនានាគ្រប់ពេលវេលា៕