(តាកែវ)៖ មន្រ្តីនគបាលជាន់ខ្ពស់ខេត្តតាកែវចំនួន៣រូប ត្រូវបានតម្លើងតំណែងជាស្នងការរងនិងលោកស្នងការរងពីរនាក់ផ្សេងទៀតត្រូវបានបំពាក់ថានន្តរសក្តិជាឧត្តសេនីយ៏ត្រី។

ពិធីប្រកាស់តែងតាំង និងតម្លើងថានន្តរសក្តិដល់មន្រ្តីនគបាលខេត្តតាកែវបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្ដដា ឆ្នាំ ២០១៧ នៅស្នងការដ្ឋាននគបាលខេត្តតាកែវដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៏ នេត សាវឿន។

មន្រ្តីនគបាល ដែលត្រូវបានតម្លើងតំណែងជាស្នងការរង រួមមានលោកវរៈសេនីយ៏ឯក វង្ស ណាវុធ លោក ម៉ៅ សុផល និងលោក វង្ស ហុកលី។

ដោយឡែកលោកស្នងការរង ដែលត្រូវតម្លើងថានន្តរសក្ដិ ជាឧត្តមសេនីយ៍ត្រីមានលោក ស្នងការរង ពៅ លុន និងលោក សូ ភី។

បន្ទាប់ពីប្រកាស់តែងតាំង និងបំពាក់ថានន្តរសក្តិដល់មន្រ្តីនគបាលខេត្តតាកែវរួចមក លោកឧត្តមសេនីយ៏ឯក ប៉ែន វិបុល អគ្គស្នងការរងនគបាលជាតិបានថ្លែងទៅកាន់មន្រ្តីនគបាលទាំងអស់ដែលចូលរួមនៅក្នុងពិធីនោះ ឲ្យប្រឹងប្រែងបំពេញការងារឲ្យបាននល្អប្រសើរ ហើយម្យ៉ាងទៀត ត្រូវគោរពវិន័យបទបញ្ជារបស់កងកំលាំងនគបាលអោយបានខ្ជាប់ខ្ជូន ជាពិសេសទៅទៀតនោះមិនត្រូវមានការអាក់អន់ស្រពន់ចឹត្តចំពោះការមិនទាន់បានតម្លើងសក្តិឬតួនាទីនោះទេ កិច្ចការតម្លើងសក្តិ តួនាទីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការយកចឹត្តទុកដាក់និងបានស្នើតម្លើងសក្តិដល់មន្រ្តីនគបាលក្នុងមួយឆ្នាំៗជាង១ម៉ឺននាក់។

លោកបន្តថា ដូច្នោះសូមមន្រ្តីនគបាលទាំងអស់កុំអាក់អន់ចឹត្ត និងបន្តប្រឹងប្រែងបំពេញការងារឲ្យបានល្អប្រសើរ សម្រេចបានស្នាដៃល្អជូនជាតិមាតុភូមិតទៅទៀត៕