(ភ្នំពេញ)៖ នៅរយៈពេល៦ខែដើម ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់បាន ចំនួន៥២៧៩ហិកតា រុករកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជិត២៣,០០០គ្រាប់។  

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំនេះ ស៉ីម៉ាក់បានដោះបញ្ចប់ចំការមីនចំនួន៣០៧​ ដោយផ្តល់ ផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាង១១,០០០គ្រួសារ​ ហើយដីរំដោះបានភាគច្រើនជា ដីកសិកម្មនិងដីលំនៅដ្ឋាន។

ជាមួយគ្នានេះ អគ្គនាយករូបនេះ បានថ្លែងអំណរគុណចំពោះដៃគូអភិឌ្ឍន៍ទាំងអស់រួមមាន​ ជប៉ុន​ សហរដ្ឋអាមេរិក​ នរ័វេស្ស​ អូស្ត្រាលី​ ស្វីស​ អង្គការ​ UNDP អង្គការ ​NPA អង្គការ JMAS អង្គការ MAG អាជ្ញាធរមីន​ និងជាពិសេសរាជរដ្ឋាភិបាល​ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ព្រមទាំងប្រជាពលរដ្ឋផ្ទាល់តែម្តង ដែលបានចូលរួមគាំទ្រដល់ស៉ីម៉ាក់ ដើម្បីធ្វើសកម្មភាពដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។

សូមជម្រាបថា ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការ ដោះមីននៅកម្ពុជា រហូតមកដល់ខែមិថុនា ឆ្នាំ២០១៧នេះ ស៉ីម៉ាក់បានរុករកឃើញ និងកំទេចចោលសំណល់ជាតិផ្ទុះគ្រប់ប្រភេទ បានចំនួន​​២,៦៦៥,៧៧២គ្រាប់​ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវ សេចក្តីសុខ សុវត្ថិភាពជូនប្រជាជនកម្ពុជា៕