(កណ្តាល)៖ បុរសម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន «សូមាហ្វាម» ត្រូវជនសង្ស័យបាញ់ចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់ភា្លមៗនៅក្នុងផ្ទះ ដោយមិនដឹងមូល​ហេតុ នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ជនរងគ្រោះក្នុងករណីបាញ់សម្លាប់នេះមានឈ្មោះ កាំង វេងហៀង  អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន សូមាហ្វាម (ស្លាប់) ហើយជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ វត្ថុតាងចាប់យក កាដុង ប្រេងឆា ដាក់ប្រេងម៉ាហ្ស៊ូត ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ មានចន្លុះដងឈើប្រហែល៣តឹក រុំដោយក្រណាត់ពណ៌ខ្មៅ១ មានស្នាមដុតមុងប៉ុនចន្លុះ។

សមត្ថកិច្ចបានបន្តថា «មុនពេលកើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ វេលាម៉ោង១៩.៣០នាទីយប់ ជនរងគ្រោះចូលដេក នៅក្នុងផ្ទះតូចខាងក្រោយម្នាក់ឯង លុះដល់វេលាម៉ោង១៖៣០នាទីយប់ ឈានចូលដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ប្រពន្ធជនរងគ្រោះ បានឮសម្លេងផ្ទុះអាវុធ៣គ្រាប់ ហើយប្រពន្ធជនរងគ្រោះបើកទ្វារផ្ទះ មើលឃើញទ្វារបងបិទ ក៏ទូរស័ព្ទមកជនរងគ្រោះ៧ដងតែទូរស័ព្ទ អត់មានអ្នកលើក។ ប្រពន្ធជនរងគ្រោះក៏ចូលដេកវិញ លុះដល់វេលាម៉ោង៥៖៣០នាទី នាថ្ងៃដដែលប្រពន្ធ ជនរងគ្រោះក្រោកពីដេកមក ហៅប្តីឲ្យទៅផឹកកាហ្វេ ស្រាប់តែឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ»

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងតែដុតដៃដុតជើង ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕